(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៥០នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,៩០២ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ០៧នាក់ជាប្រភេទករណីនាំចូលពីបរទេស។ ក្នុងរយៈពេល ដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ថ្មីៗចំនួន ០២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៧៦នាក់ ឬស្មើនឹង ២.៣២% នៃចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់។
ដោយឡែក សម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ១០,៦១១នាក់ហើយ ឬស្មើនឹង ៨៩.២% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ។
គួរជម្រាបថា ប្រទេសអាស៊ីបូព៌ាមួយនេះ បានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃច្រើនជាង ៥០ករណី សម្រាប់រយៈពេល ០៣ថ្ងៃជាប់ៗគ្នាមកហើយ។ នេះក៏ដោយសារ តែមានករណីឆ្លងផ្ទុះឡើងជាចង្កោមថ្មី ដែលជាប់ទាក់ទងនឹងការជួបជុំបែបសាសនា និងក្លឹបកម្សាន្តនាពេលរាត្រី នៅតាមតំបន់ជាយក្រុងសេអ៊ូល៕