(តៃវ៉ាន់)៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្ដហោះចម្បាំងមួយក្រុមឱ្យទៅតាមប្រដេញ និងព្រមានយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ឱ្យហោះចេញពីតំបន់ដែនអាកាសកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

បើតាមក្រសួងការពារជាតិកោះតៃវ៉ាន់ យន្ដហោះចម្បាំង ស៊ូខយ ស៊ូ-៣០ (Sukhoi Su-30) ជាច្រើនគ្រឿង បានហោះចូលក្នុងដែនអាកាសពីលើដែនទឹករបស់ខ្លួន នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ជាហេតុជំរុញឱ្យក្រសួងបញ្ជូនយន្ដហោះចម្បាំង មួយក្រុមឱ្យទៅតាមប្រដេញ, ស្ទាក់ និងព្រមានឱ្យយន្តហោះចម្បាំងចិន ហោះចាកចេញជាបន្ទាន់។ ម្យ៉ាងវិញទៀត ឧបទ្ទវហេតុបែបនេះគឺជាលើកទី ៩ ហើយនៅក្នុងឆ្នាំ២០២០នេះ។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «យោធាបាននិងកំពុងតាមឃ្លាំមើល និងគ្រប់គ្រងរាល់សកម្មភាពទាំងអស់ នៅក្នុងតំបន់សមុទ្រ និងដែនអាកាសនៃកោះតៃវ៉ាន់... ហើយប្រជាជនទាំងអស់អាចជឿជាក់បាន លើសមត្ថភាពរបស់ពួកយើង ក្នុងការពារសន្តិសុខសម្រាប់ទឹកដីរបស់យើង»

គួរបញ្ជាក់ថា ឧទ្ទវហេតុរវាងសយន្ដហោះចម្បាំងតៃវ៉ាន់ និងចិនកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់យន្ដហោះដឹកជញ្ជូនយោធាអាមេរិក C-40A Clipper (ឃ្លីបភើ) បានហោះឆ្លងកាត់ពីលើដែនទឹកកោះតៃវ៉ាន់ ក្នុងដំណើរផ្លូវចេញពីមូលដ្ឋានទ័ពអាមេរិកនៅលើកោះអូគីណាវ៉ា ប្រទេសជប៉ុនទៅកាន់មូលដ្ឋានទ័ពអាកាស U-Tapao នៃភាគកណ្ដាលប្រទេសថៃ៕