(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធនេះ ឥណ្ឌាបានរកឃើញឆ្លងថ្មីៗរហូតដល់ ៩,៩៨៥ករណី និងអ្នកស្លាប់ថ្មីចំនួន ២៧៩នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២៧៦,៥៨៣ករណី ដោយក្នុងនោះអ្នកជំងឺ ៧,៧៤៥នាក់បានស្លាប់ និង ១៣៥,២០៦នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៣៣,៦៣២នាក់។
នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការសម្រេចបន្តបិទប្រទេស ក្នុងតំណាក់កាលទី ៥ ត្រូវបានប្រកាសកាលថ្ងៃទី០១ ខែមិថុនា។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕