(ម៉ូស្គូ)៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) បានត្អូញត្អែថា បើទោះបីជាសហរដ្ឋអាមេរិក បានពឹងផ្អែកទៅលើយានអវកាសរបស់រុស្ស៊ីជាយូរមកហើយក៏ដោយ ក៏ប្រទេសលោកខាងលិខមួយនេះ នៅតែមិនបានឲ្យតម្លៃ និងយកចិត្តទុកដាក់ពិតប្រាកដ មកលើកម្មវិធីអវកាសរបស់រុស្ស៊ីដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសំណេរនៅក្នុងទស្សនាវដ្តី Forbes ដែលបានចុះផ្សាយនៅដើមសប្តាហ៍នេះ លោក Rogozin បាននិយាយយ៉ាងដូច្នេះថា «នៅពេលដែលដៃគូរបស់យើង បានធ្វើការសាកល្បងយានអវកាសរបស់ពួកគេដោយជោគជ័យ ពួកគេទាំងនោះគ្មានអ្វីក្រៅពី ការចំអកឡកឡឺយដាក់យើងទេ»។ លោក Rogozin បានសង្កត់ធ្ងន់ថា «តាមពិតឧស្សាហកម្មអវកាសរបស់សហរដ្ឋអាមេរិក គួរតែអរគុណដល់រុស្ស៊ីជំនួយវិញទើបត្រឹមត្រូវ មិនមែនជាការចំអកនោះទេ»។
កាលពីខែមុនសហរដ្ឋអាមេរិកបានបញ្ជូនអវកាសយានិក ដំបូងដោយខ្លួនឯងផ្ទាល់ ចាប់តាំងពីឆ្នាំ២០១១មក ដោយប្រើរ៉ុក្កែត Falcon 9 និងយានអវកាស Crew Dragon ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាសឯកជន Space X ។ មុននោះ សហរដ្ឋអាមេរិកតែងតែពឹងផ្អែកលើយានអវកាសរុស្ស៊ី (Soyuz) ដើម្បីបញ្ជូនអវកាសយានិកទៅស្ថានីយ៍អវកាសអន្តរជាតិ បន្ទាប់ពីយានអវកាសចុងក្រោយរបស់ខ្លួន បានចូលនិវត្តន៍រួចមក។
គួរបញ្ជាក់ថា យាន Crew Dragon របស់ SpaceX ត្រូវបានគេដឹងថា មានតម្លៃសេវាកម្មថោកជាងរុស្ស៊ី រហូតដល់ទៅរាប់សិបលានដុល្លារ ក្នុងការដឹកអវកាសយានិកអាមេរិក ឡើងទៅទីអវកាសម្តងៗ។ ទោះបីវាជាជោគជ័យសម្រាប់ SpaceX និងអាមេរិកមែន ប៉ុន្តែក៏មិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយថា តើអាមេរិកនឹងឈប់ពឹងលើយាន Soyuz នៅពេលណានោះដែរ៕