(ហុងកុង)៖ ប៉ូលិសហុងកុងបានឃាត់ខ្លួនមនុស្ស ៥៣នាក់កំឡុងបាតុកម្មតវ៉ាមួយកាលពីថ្ងៃអង្គារ ដែលមានការចូលរួមពីក្រុមសកម្មជន ប្រជាធិបតេយ្យរាប់រយនាក់ ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំង សម្រាប់ដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងការបាតុកម្មតវ៉ាកាលពីថ្ងៃម្សិលមិញ ក្រុមបាតុករបានបិទផ្លូវនៅចំកណ្ដាលទីក្រុងហុងកុង ជាហេតុបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការប្រមូលផ្ដុំដែលអាជ្ញាធរចាត់ទុកថា ជាទង្វើខុសច្បាប់។ ប៉ូលិសហុងកុងនៅថ្ងៃពុធនេះ ក៏បានបញ្ជាក់ដែរថាបុរស ៣៦នាក់ និងស្ត្រី ១៧នាក់ ត្រូវបានឃាត់ខ្លួន។ អ្នកទាំងនេះត្រូវបានចាប់ខ្លួន ក្រោមហេតុផលបានប្រមូលផ្ដុំគ្នាដោយខុសច្បាប់ និងគ្មានការអនុញ្ញាត ព្រមទាំងបំពានលើវិធានការហាមឃាត់ការប្រមូលផ្ដុំ ដែលដាក់ចេញដោយរដ្ឋាភិបាលទីក្រុងហុងកុង ដើម្បីទប់កស្កាត់ការឆ្លងរាតត្បាត COVID-19។
តែយ៉ាងណាក៏ដោយ បាតុកម្មតវ៉ាដឹកនាំដោយចលនាគាំទ្រលទិ្ធប្រជាធិបតេយ្យ ត្រូវបានគេរំពឹងថា នឹងផ្ទុះឡើងជាថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រឆំាងនឹងច្បាប់សន្តិសុខជាតិថ្មីដែលពួកគេយល់ថា នឹងបំផ្លាញសេរីភាព និងប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង បើទោះជាខាងទីក្រុងប៉េកាំង និងថ្នាក់ដឹកនាំទីក្រុងហុងកុងអះអាងថា វានឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ក៏ដោយ៕