(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានលើកឡើងថា បុរសចំណាស់វ័យ ៧៥ឆ្នាំម្នាក់ ដែលបានដួលបែកក្បាល បន្ទាប់ពីប៉ូលីសបង្រាបបាតុកម្មរុញច្រានគាត់ឲ្យដួលទៅនឹងដីនោះ គឺជាអ្នកញុះញង់បែបឆ្វេងនិយមជ្រុល និងជាអ្នកដែលបានក្លែងបន្លំព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់បែបនេះ តាមរយៈការបង្ហោះសារនៅលើគណនី Twitter ផ្លូវការរបស់លោកនៅថ្ងៃអង្គារ។ ប្រធានាធិបអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «...បុរសវ័យ ៧៥ឆ្នាំឈ្មោះ ម៉ាទីន ហ្គូជីណូ (Martin Gugino) ដែលត្រូវបានច្រានចេញក្រោយពីបុរសរូបនេះបានដើរតម្រង់ទៅរក ម៉ាស៊ីនស្កេនរបស់ប៉ូលីសនោះ តាមពិតទៅគាត់បានដួលដោយខ្លួនឯង ច្រើនជាងការដែលត្រូវបានគេច្រានឲ្យដួល។ គាត់កំពុងតម្រង់ទៅរកម៉ាស៊ីនស្កេន។ តើអាចជាការៀបចំទុកជាមុនដែរ ឬទេ?»។
ការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងលើនេះ គឺផ្អែកលើការមើលរបាយការណ៍របស់ទូរទស្សន៍ OANN ដែលជាទូរស្សន៍ស្តាំនិយមមួយ ចូលចិត្តផ្សព្វផ្សាយទ្រឹស្តីឃុបឃិត ខណៈដែលទូរទស្សន៍មួយនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់សេតវិមានបច្ចុប្បន្ន។
គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ ស្របពេលដែលបាតុកម្ម នៅតែបន្តប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិក ឃ្លីបវីដេអូមួយបានបង្ហាញឲ្យឃើញ ក្រុមប៉ូលិសដែលស្ថិតក្នុងសម្លៀកបំពាក់ប្រឆាំងកុបកម្មនៅឯទីក្រុង បាហ្វហ្វាឡូ (Buffalo) នៃរដ្ឋញូយ៉ក (New York) ច្រានបុរសវ័យចំណាស់ម្នាក់ឲ្យដួល ហើយក៏នាំគ្នាដើរហួសទៅបាត់តែម្តង ដោយមិនបានអើពើនោះទេ៕