(ហាណូយ)៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា កំពុងព្យាយាមឆ្ពោះទៅនាំមុខគេក្នុងការផលិតថាមពលអគ្គិសនី តាមរយៈទួរប៊ីនដែលប្រើកម្លាំងខ្យល់បក់នៅតាមបណ្តោយឆ្នេរសមុទ្រជាង ៣,៤០០គីឡូម៉ែត្ររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
បច្ចុប្បន្នប្រទេសវៀតណាមទាំងមូល មានសមត្ថភាពផលិតថាមពលអគ្គិសនីសរុប ៥៤ជីហ្គាវ៉ាត់ (១GW = ១,០០០ម៉េហ្គាវ៉ាត់) ហើយរដ្ឋាភិបាលវៀតណាមកំពុងតែសម្លឹងមើល ការពង្រីកឥទ្ធិពលនៃការផលិតរបស់ខ្លួន ឲ្យដល់ចំនួនលើទ្វេដងនោះគឺ ១៣០ជីហ្គាវ៉ាត់ នៅរយៈពេល ១០ឆ្នាំខាងមុខទៀត។ ហេតុដូច្នេះការបង្កើតបណ្តាញទួរប៊ីនផលិតថាមពលអគ្គិសនីពីកម្លាំងខ្យលបក់ គឺជាភស្តុតាងមួយដែលបញ្ជាក់ថា ផែនការខាងលើនេះអាចនឹងសម្រេចចេញលទ្ធផលទៅតាមមហិច្ឆតា។
ជុំវិញការបង្កើតតំបន់ស្រូបយកថាមពលខ្យល់ នៅតាមបណ្តោយឆ្នេរនៃប្រទេសវៀតណាមក្រុមហ៊ុនថាមពលដាណឺម៉ាក DEA បានគណនាថា នឹងផលិតថាមពលបានរហូតដល់ ១៦០ជីហ្គាវ៉ាត់ ប្រសិនបើវាដំណើរការពេញលេញ។ ការគណនានេះត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន DEA ជាមួយនឹងអាជ្ញាធរថាមពលកកើតឡើងវិញរបស់វៀតណាម (REAV)។
គួរបញ្ជាក់ថា ប្រទេសវៀតណាមមានអំណោយផល នៅក្នុងផែនការបង្កើតបណ្តាញផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ព្រោះតែខ្លួនមានឆ្នេរសមុទ្រដ៏វែងអន្លាយប្រវែងជាង ៣,៤០០គីឡូម៉ែត្រ។ អ្នកជំនាញរបស់ DEA បានលើកឡើងថា ប្រសិនបើផែនការខាងលើនេះចាប់ផ្តើមដោយរលូនជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំខាងមុខទៀត ប្រទេសវៀតណាមនឹងនាំមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងការផលិតថាមពលអគ្គិសនីចេញពីកម្លាំងខ្យល់បក់។
យោងតាមប្រភពពីអ្នកជំនាញថាមពលវៀតណាមឈ្មោះ មិញ ហាដុង (Minh Ha Duong) ផែនការដែលត្រូវបានបញ្ចេញកាលពីខែមីនា ឆ្នាំ២០២០បានបង្ហាញថា ប្រទេសនេះអាចផលិតថាមពលអគ្គិសនីពីកម្លាំងខ្យល់បក់រហូតដល់ ១៤.៧ជីហ្គាវ៉ាត់ ដោយបូករួមទាំងទួរប៊ីនដែលត្រូវដាក់ក្នុងទឹកសមុទ្រ និងនៅក្បែរឆ្នេរសមុទ្រ។ បើសិនជាផែនការដំណើរការទៅតាមការគ្រោងទុក វៀតណាមនឹងមានថាមពលអគ្គិសនីពីកម្លាំងខ្យល់សរុប ១២ជីហ្គាវ៉ាត់នៅឆ្នាំ២០៣០៕