(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Boeing Co នៃសហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា កាលប្រគល់យន្តហោះទៅដល់អតិថិជនដែលបានបញ្ជាទិញ កាលពីខែឧសភាកន្លងទៅនេះបានធ្លាក់ចុះបន្ថែមទៀត ដោយខ្លួនអាចសម្រេចបានតែ ០៤គ្រឿងប៉ុណ្ណោះ ខណៈកាលពីមេសាសម្រេចបាន ០៦គ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

ក្រុមហ៊ុនផលិតយន្តហោះធំបំផុតលើលោកមួយនេះ បានបញ្ជាក់បន្ថែមទៀតថា ការសម្រេចបានលទ្ធផលខាងលើនេះ គឺពិតជាទាបខ្លាំងណាស់ និងមិនធ្លាប់មាននោះឡើយ នាអំឡុងពេល ៦ទសវត្សរ៍មកនេះ។ វាមិនមែនបណ្តាលមកពីបញ្ហានៃ COVID-19 តែមួយមុខនោះទេ ប៉ុន្តែក្រុមហ៊ុន Boeing បានចាប់ផ្តើមកើតមានភាពរអាក់រអួល និងធ្លាក់ចុះវិស័យពាណិជ្ជកម្មតាំងតែពីផលិតកម្មយន្តហោះត្រកូល Boeing 737 MAX ត្រូវបានផ្អាកមកម្ល៉េះ។

ការប្រគល់យន្តហោះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនផលិតយន្តហោះនីមួយៗ ព្រោះវាជាពេលដែលអតិថិជន (ក្រុមហ៊ុនអាកាសចរណ៍) អាចបង់ប្រាក់បង្គ្រប់តម្លៃយន្តហោះ ពីលើប្រាក់ដែលពួកគេបានកក់ នៅពេលបញ្ជាទិញយន្តហោះ។ ហេតុដូច្នេះការយឺតយ៉ាវក្នុងការប្រគល់យន្តហោះ ទៅដល់ដៃអតិថិជន នឹងនាំឲ្យប្រាក់ចំណូលក្រុមហ៊ុនមានភាពយឺតយ៉ាវ និងប្រឈមមុខការប្តឹងប្តល់ផងក៏ថាបានដែរ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ អតិថិជនមួយចំនួនរបស់ Boeing បានលុបចោលការបញ្ជាទិញយន្តហោះសរុប ១៨គ្រឿង ក្នុងនោះក៏មានប្រភេទ MAX ចំនួន ១៤គ្រឿងផងដែរ។ អ្នកវិភាគបានរំពឹងថា វិស័យអាកាសចរណ៍ និងផលិតកម្មយន្តហោះ នឹងទទួលរងផលប៉ះពាល់បន្តទៀត ចំពោះមុខបញ្ហា COVID-19 ដែលធ្វើឲ្យចរាចរណ៍ផ្លូវអាកាសទូទាំងពិភពលោក ធ្លាក់ចុះយ៉ាងគំហុកជាប្រវត្តិសាស្ត្រ៕