(វ៉ាស៊ីនតោន)៖ សមាជិកនៃកងកម្លាំងឆ្មាំការពារជាតិអាមេរិក ដែលត្រូវបានដាក់ពង្រាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មដោយហិង្សា ប្រឆាំងការរើសអើងជាតិសាសន៍នោះ មួយចំនួនបានឆ្លងជំងឺ COVID-19 ប៉ុន្តែមិនទាន់មានប្រភពណា អាចបញ្ជាក់អំពីចំនួនជាក់លាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យកងកម្លាំងឆ្មាំជាតិលោកស្រី ប្រ៊ូក ដេវីស (Brooke Davis) បានឆ្លើយតបជុំវិញបញ្ហានេះថា «យើងមិនអាចបញ្ជាក់អំពីចំនួនកងកម្លាំង ដែលបានឆ្លងជំងឺ COVID-19 នោះឡើយ ដោយយោងលើហេតុផលសន្តិសុខ»។ កងកម្លាំងឆ្មាំការពារជាតិប្រចាំ រដ្ឋធានីវ៉ាស៊ីនតោន (DC National Guard) ចំនួន ១,៧០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់បាតុករហិង្សា ដែលបានចូលរួមក្នុងបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសទីក្រុងមីននាផូលីស នៃរដ្ឋមីននីសូតា ប្រើជង្គង់សង្កត់សរហូតដល់ស្លាប់ ដោយសារតែការសង្ស័យចាយលុយក្លែងក្លាយ ២០ដុល្លារ។

គួរបញ្ជាក់ថា បើតាមការអង្កេតជាក់ស្តែង បាតុកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហាក់មានសកម្មភាពផុសផុលខ្លាំង និងបានឈានទៅប្រើអំពើហិង្សាជាច្រើនករណី។ បាតុករ និងមន្ត្រីប៉ូលិស ព្រមទាំងយោធាផងដែរត្រូវបានគេមើលឃើញថា ខ្លះមានពាក់ម៉ាស និងខ្លះទៀតមិនមាននោះឡើយ។ ដោយឡែកការរក្សាគម្លាតសុវត្ថិភាពនៅអំឡុងពេល ធ្វើការបាតុកម្មនោះ គឺគ្មានសោះតែម្តង។ បច្ចុប្បន្នកងកម្លាំងឆ្មាំការពារដែលឆ្លងជំងឺ COVID-19 កំពុងតែធ្វើចត្តាឡីស័ក ប៉ុន្តែមិនមានប្រភពណាអាចបញ្ជាក់ អំពីស្ថានភាពរបស់ពួកគេនោះឡើយ៕