(វៀងច័ន្ទ)៖ អ្នកជំងឺ COVID-19 ចុងក្រោយបំផុត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យហើយ នៅក្នុងរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ ដែលប្រការនេះបានធ្វើឲ្យឡាវ លែងមានករណីឆ្លងជំងឺរាតត្បាតសកលនេះ នៅលើទឹកដីខ្លួនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

អ្នកជំងឺចុងក្រោយម្នាក់ខាងលើនេះ គឺជាយុវជនវ័យ ១៨ឆ្នាំរស់នៅក្នុងរដ្ឋធានីវៀងច័ន្ទ ត្រូវជាអ្នកជំងឺទី ៨ ដែលអាជ្ញាធរឡាវបានរកឃើញមានផ្ទុកជំងឺ COVID-19 តាំងតែពីថ្ងៃទី២៨ ខែមីនាមកម្ល៉េះ។ បន្ទាប់ពីការព្យាបាលអស់ជាង ២ខែ និងបានទទួលការធ្វើតេស្តរហូតដល់ទៅ ០២ដងហើយចេញលទ្ធផលអវិជ្ជមាន ទើបយុវជនរូបនេះត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពទីក្រុងវៀងច័ន្ទតែម្តង។

គួរបញ្ជាក់ថា មុនសេចក្តីប្រកាសពីការព្យាបាលអ្នកជំងឺ COVID-19 ចុងក្រោយឲ្យជាសះស្បើយនេះ ប្រទេសអាស៊ានមួយនេះក៏មិនបានរកឃើញករណីឆ្លងថ្មីៗ ៥៨ថ្ងៃជាប់ៗគ្នាមកហើយដែរ។ ឡាវបានរកឃើញករណីឆ្លង COVID-19 ពីរករណីដំបូងកាលពីថ្ងៃទី២៤ ខែមីនា ហើយករណីឆ្លងសរុបមាន ១៩ករណី និងបានជាសះស្បើយវិញទាំងអស់៕