(ប៉េកាំង)៖ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានព្យាបាលអ្នកជំងឺ COVID-19 ដែលឆ្លងនៅក្នុងទីក្រុងផ្ទាល់ (មិនមែនករណីនាំចូលមកពីក្រៅ) ឲ្យជាសះស្បើយអស់វិញហើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយ ទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលទីក្រុងប៉េកាំងបានរាយការណ៍នៅថ្ងៃអង្គារនេះថា មិនមានករណីឆ្លងថ្មីទៀតឡើយ ត្រូវបានរកឃើញក្នុងរដ្ឋធានីរបស់ចិន កាលពីថ្ងៃចន្ទម្សិលមិញ។ គិតត្រឹមថ្ងៃដែលអាជ្ញាធរប៉េកាំងបានរកឃើញអ្នកជំងឺ COVID-19 សរុប ៤២០នាក់ ជាករណីឆ្លងក្នុងទីក្រុងផ្ទាល់ ក្នុងនោះស្លាប់ ០៩នាក់។ បន្ថែមពីនេះក៏មានករណីនាំចូល COVID-19 សរុប ១៧៤ករណីដែលត្រូវបានរកឃើញនៅទីក្រុងប៉េកាំងផងដែរ ដោយក្នុងនោះនៅសល់តែម្នាក់ប៉ុណ្ណោះ ដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរជម្រាបថា ទីក្រុងប៉េកាំងមិនបានរកឃើញករណីឆ្លង COVID-19 ដែលកើតឡើងនៅក្នុងទីក្រុងផ្ទាល់រយៈពេល ៥៤ថ្ងៃជាប់ៗគ្នាមកហើយ។ គិតតាមរបាយការណ៍ចុងក្រោយ ដែលចេញនៅថ្ងៃអង្គារនេះ ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសចិនមានសរុប ៨៣,០៤០ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយវិញ ៧៨,៣៤១នាក់៕