(មីននាផូលីស)៖ ចៅក្រមម្នាក់នៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) បានសម្រេចដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ ១លានដុល្លារ សម្រាប់អតីតប៉ូលិស ឌែរិក ឆូវីន (Derek Chauvin) ខណៈរូបលោកបង្ហាញខ្លួនជាលើកដំបូង នៅក្នុងសវនាការក្រោមបទចោទប្រកាន់មនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
លោក Chauvin គឺជាអតីតមន្ត្រីប៉ូលិសម្នាក់ក្នុងទីក្រុង មីននាផូលីស ដែលបានយកជង្គង់សង្កត់កលោក George Floyd មានអាយុ ៤៦ឆ្នាំ រហូតដល់ដាច់ខ្យល់ស្លាប់កំឡុងការចាប់ខ្លួន ដោយសារតែការចោទប្រកាន់ថា បានចាយលុយក្លែងក្លាយ ២០ដុល្លារ។ ក្រោយការស្លាប់របស់ Floyd បាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បានផ្ទុះឡើងទូទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រីឯលោក Chauvin ត្រូវបានបណ្ដេញចេញពីតំណែងជាប៉ូលិស ជាមួយបទចោទប្រកាន់មនុស្សឃាតកម្រិតទី ២ មនុស្សឃាតកម្រិតទី ៣ និងបទមនុស្សឃាត។
នៅក្នុងសវនាការសាកសួរនៅថ្ងៃចន្ទសប្ដាហ៍នេះ ធ្វើឡើងតាមរយៈវីដេអូមួយចេញពីពន្ធនាគារ នៃរដ្ឋមីននីសូតា (Minnesota) លោកស្រី ចៅក្រម ជីនណៃ រ៉េឌីង (Jeannice Reding) បានដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ និង ១.២៥ដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ។ លោកស្រីបន្ថែមថា ប្រាក់តម្កល់នៅក្រៅឃុំ ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ នឹងតម្រូវឱ្យលោក Chauvin ប្រគល់កាំភ្លើង, ឈប់ធ្វើការជាប៉ូលិស, មិនធ្វើដំណើរចាកចេញពីរដ្ឋ និងមិនត្រូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ George Floyd ខណៈសវនាការលើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា។
គួរជម្រាបថា ក្រៅពីលោក Derek Chauvin ប៉ូលិសបីនាក់ផ្សេងទៀត ដែលស្ថិតនៅកន្លែងកើតហេតុជាមួយនឹងលោក ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ ក្រោយការស្លាប់របស់ George Floyd ។ បច្ចុប្បន្នពួកគេទាំងបីនាក់ ត្រូវបានចោទប្រកាន់ពីបទផ្ដល់ជំនួយ និងលើកទឹកចិត្តដល់អំពើមនុស្សឃាត ហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ នៅក្នុងរដ្ឋមីននីសូតា (Minnesota)៕