(អារ៉ាប់)៖ ក្នុងឆ្នាំនេះមិនមែនតែប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ដែលត្រូវបញ្ជូនយានអវកាសឆ្ពោះទៅភពអង្គារ (Mars) ប្រទេសអារ៉ាប់មួយ ក៏កំពុងត្រៀមខ្លួនធ្វើរឿងអស្ចារ្យជាប្រវត្តិសាស្ត្រនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
ប្រទេសអារ៉ាប់នោះគឺអេមីរ៉ាត់អារ៉ាប់រួម ហើយវានឹងជាបេសកកម្មដំបូងបំផុតសម្រាប់តំបន់អារ៉ាប់ទាំងមូលនៃការបញ្ជូនយានផ្កាយរណបទៅកាន់ភពព្រះអង្គារ។ យានអវកាសដែលប្រទេសអេមីរ៉ាត់អារ៉ាប់រួម គ្រោងបញ្ជូនទៅគឺជាប្រភេទផ្កាយរណបឈ្មោះ អាម៉ាល់ (Amal) មានន័យថា «ក្តីសង្ឃឹម»។
យាន Amal នឹងត្រូវបាញ់បង្ហោះចេញពីប្រទេសជប៉ុន ដោយប្រើគ្រាប់រ៉ុក្កែតរបស់ជប៉ុន នៅថ្ងៃទី១៤ ខែកក្កដា ខាងមុខ គឺនៅពេលមិនសូវខុសគ្នាជាមួយ សហរដ្ឋអាមេរិក និងប្រទេសចិនឡើយ ព្រោះវាជាចន្លោះពេលដែលភពយើង និងភពអង្គារគោចរមកដល់គន្លងកៀកគ្នាបំផុត។
យាន Amal នឹងត្រូវចំណាយពេលធ្វើដំណើរចម្ងាយ ៤៩៣លានគីឡូម៉ែត្រ ដើម្បីទៅដល់ភពអង្គារ ហើយចាប់ផ្តើមការគោចរជុំវិញភពក្រហមនោះ ដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធអាកាសធាតុ និងបរិយាកាសរបស់ Mars។ វានឹងនៅគោចរជុំវិញភពអង្គារពេញមួយឆ្នាំនៅទីនោះ ដែលស្មើនឹង ៦៨៧ថ្ងៃនៅលើភពផែនដី ដើម្បីប្រមូលទិន្ន័យឲ្យបានគ្រប់គ្រាន់។
គួរជម្រាបថា ប្រសិនបើយាន Amal ឬ Hope នេះទៅដល់ភពអង្គារមែន វានឹងទៅដល់ឆ្នាំតែមួយដែលអេមីរ៉ាត់អារ៉ាប់រួមប្រារព្ធខួប ៥០ឆ្នាំនៃការបង្កើតប្រទេសរបស់ខ្លួនកាលពីឆ្នាំ១៩៧១។ នេះមិនមែនជាលើកដំបូងឡើយដែលប្រទេសអារ៉ាប់មួយនេះ ប្រឡូកចូលក្នុងវិស័យអវកាស។ កន្លងមកអេមីរ៉ាត់អារ៉ាប់រួមធ្លាប់បញ្ជូនគ្រាប់រ៉ុក្កែតឡើងទីអវកាស និងបញ្ជូនអវកាសយានិកខ្លួនឡើងទៅស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ៕