(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចលនាជាសកលដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ ប៉ុន្តែ WHO ក៏មិនភ្លេចណែនាំឲ្យបាតុករទាំងឡាយ ចាត់វិធានការការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណា (COVID-19) នោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។
អគ្គនាយក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានថ្លែងតាមរយៈវីដេអូអនឡាញ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «WHO គាំទ្រយ៉ាងពេញទំហឹងចំពោះភាពស្មើគ្នា និងចលនាជាសកល ដើម្បីប្រឆាំងការរើសអើងពូជសាសន៍។ យើងបដិសេធនូវការរើសអើងគ្រប់ទម្រង់ទាំងអស់។ យើងលើកទឹកចិត្តដល់បាតុករទាំងអស់ នៅទូទាំងពិភពលោក ឲ្យធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព»។
ប្រធាន WHO ដែលមានដើមកំណើតជាជនជាតិស្បែកខ្មៅរូបនេះ បានណែនាំឲ្យបាតុករ រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រពីគ្នា, លាងសម្អាតដៃជានិច្ច និងយកក្រដាស ឬក្រណាត់ខ្ទប់មាត់ពេលក្អក ឬកន្តាស់ជាដើម។ លោក ថេដ្រូស អាដាណម ក៏បានណែនាំផងដែរឲ្យបាតុករណា ដែលមានអការៈមិនស្រួលខ្លួន ឬជារោគសញ្ញាសង្ស័យនៃ COVID-19 នោះគួរតែព្យាយាមស្នាក់នៅផ្ទះ និងតាមដានអការៈ ដើម្បីកុំឲ្យចម្លងជំងឺទៅអ្នកដទៃ៕