(វែលលីងតុន)៖ អាជ្ញាធរសុខាភិបាលនូវែលសេឡង់ បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះតែម្តងថា គ្មានអ្នកជំងឺ COVID-19 ទៀតឡើយនៅតាមមន្ទីរពេទ្យ ព្រោះពួកគេត្រូវបានព្យាបាល ឲ្យជាសះស្បើយអស់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ចុងក្រោយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃប្រទេសនូវែលសេឡង់លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានគូសបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា ការសម្រេចបានលទ្ធផលនេះ គឺជាពិតជាព័ត៌មានដ៏អស្ចារ្យ និងជាសមិទ្ធផលនៃប្រទេសនូវែលសេឡង់ទាំងមូល។
លោក Ashley Bloomfield បានលើកឡើងយ៉ាងដូច្នេះថា «ការដែលយើងគ្មានករណីសកម្ម (COVID-19) ជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈនោះ គឺជាសញ្ញាដ៏សំខាន់លើដំណើររបស់យើង ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ នឹងនៅតែបន្តទៅមុខជានិច្ច»។ នូវែលសេឡង់កន្លងមក បានទទួលការកោតសរសើរ អំពីវិធានការដែលត្រូវបានដាក់ចេញ ទាន់ពេល និងមានប្រសិទ្ធភាព ដែលអាចធ្វើឲ្យជំងឺ COVID-19 ស្ថិតក្នុងគ្រប់គ្រង។
គួរបញ្ជាក់ថា នូវែលសេឡង់ដែលជាប្រទេសដីកោះ មានប្រជាជនរស់នៅជាង ៥លាននាក់នេះ បានរកឃើញករណីឆ្លង COVID-19 សរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ២២នាក់ និង ១,៤៨២នាក់ទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងអស់៕