(រីយ៉ាដ)៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសមហាសេដ្ឋីប្រេង ប្រចាំតំបន់អារ៉ាប់មួយនេះ បានកើនឡើងដល់ ១០១,៩១៤ករណីហើយ ក្រោយពីអ្នកឆ្លងជំងឺនេះ ៣,០៤៥នាក់ថ្មីទៀត ត្រូវបានរកឃើញតែក្នុងរយៈពេលមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
ដោយឡែកសម្រាប់ចំនួនអ្នកស្លាប់វិញ ក៏បានកើនឡើងរហូតដល់ ៧១២នាក់ផងដែរ បន្ទាប់ពីករណីស្លាប់ ៣៦នាក់ទៀត ទើបត្រូវបានប្រកាសនៅក្នុងរយៈពេលដូចគ្នា។ បន្ថែមពីនេះ អ្នកជំងឺ ១,០២៦នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុប ពីជំងឺ COVID-19 នៅអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់ ៧២,៨១២នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 សរុប ២៨,៣៨៥នាក់កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្នុងនោះ ១,៥៦៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អារ៉ាប៊ីសាអូឌីតក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 កាលពីសប្តាហ៍មុននេះ បានដឹកនាំការសម្រេចចិត្តបញ្ចេញនូវទឹកប្រាក់សរុបជាង ២១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19៕