(ហួស្តុន)៖ អាជ្ញាធរទីក្រុងញូអូលីនស៍ (New Orleans) នៃរដ្ឋល្វីស្យាណា (Louisiana) បានចេញបញ្ជាឲ្យប្រជាជន ស្ម័គ្រចិត្តជម្លៀសខ្លួនចេញពីទីក្រុងនេះ ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ខណៈព្យុះត្រូពិកឈ្មោះ គ្រីស្តូបល (Cristobal) កំពុងតែសំដៅមកកាន់ទីក្រុង ភាគខាងត្បូងអាមេរិកនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
សម្រាប់ប្រជាជនដែលអាជ្ញាធរតម្រូវឲ្យជម្លៀសនោះ គឺជាអ្នកដែលរស់នៅក្រៅពីតំបន់បណ្តោយ ប្រព័ន្ធលូបង្ហូរទឹក (levee system) របស់ទីក្រុង New Orleans ហើយដោយឡែកសម្រាប់ប្រជាជន ដែលកំពុងរស់នៅតាមបណ្តោយលូនេះ គឺមិនចាំបាច់ត្រូវជម្លៀសនោះឡើយ។ ទោះបីជាព្យុះត្រូពិក Cristobal បានថមថយឥទ្ធិពលបន្តិចមែន ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងអាចបង្កជាភ្ញៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងដដែល ហើយវាក៏នឹងអាចបង្កជាការបាក់ដីផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា (ម៉ោងនៅល្វីស្យាណា) ព្យុះខាងលើនេះបានវាយប្រហារមកដល់ដងវិថីនានា នៃតំបន់កោះហ្គ្រេនដ៍ (Grand Isle) ដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃរដ្ឋ Louisiana ខណៈក្រុមអ្នកទេសចរ និងប្រជាជន ត្រូវបានបញ្ជាឲ្យជម្លៀសជាបន្ទាន់ ចេញពីតំបន់នោះដើម្បីសុវត្ថិភាព៕