(ប៉េកាំង)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ សៀវភៅសបានចង្អុលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាព្រឹត្តិការណ៍សុខាភិបាលសាធារណៈបន្ទាន់ដ៏ធ្ងន់ធ្ងរមួយ ដែលរីករាលដាលលឿនបំផុតក្របខ័ណ្ឌចម្លងទូលំទូលាយបំផុត និងកម្រិតបង្ការនិងគ្រប់គ្រងលំបាកបំផុត ចាប់តាំងពីការចាប់បដិសន្ធិឡើងនូវសាធារណរដ្ឋប្រជាមានិតចិនមក។
ការរីករាលដាលនៃជំងឺកូវីដ១៩លើកនេះជាវិបត្តិមួយ ហើយក៏ជាការសាកល្បងសមត្ថភាពដ៍សំខាន់មួយសម្រាប់ប្រទេសចិនផងដែរ។ បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់ខ្ពស់ និងចាត់វិធានការយ៉ាងឆាប់រហ័ស។ លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំ និងចាត់ចែងបញ្ជាដោយផ្ទាល់ ដែលបានពង្រឹងជំនឿចិត្តប្រមូលផ្តុំនូវកម្លាំងសាមគ្គីភាព និងចង្អុលបង្ហាញពីទិសដៅសម្រាប់ប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីឆ្លងកាត់ការខិតខំប្រឹងប្រែងដ៏លំបាកលំបិន ប្រទេសចិនបានបង់តម្លៃនិងពលីយ៉ាងច្រើនសន្ធឹក ហើយបានផ្លាស់ប្តូរស្ថានភាពជំងឺឆ្លង ប្រកបដោយប្រសិទ្ធិភាពដែលបានចំណាយពេលវេលាប្រមាណ៣ខែទទួលបានលទ្ធផលសំខាន់ ក្នុងការយកជ័យជម្នះលើសង្គ្រាមការពារខេត្តហ៊ូប៉ី និងសង្គ្រាមការពារទីក្រុងវូហាន ដោយបានគាំពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងន័យចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំពារសន្តិសុខសុខាភិបាល សាធារណៈក្នុងតំបន់និងពិភពលោក។
ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈអំពីសហគមន៍រួមវាសនានៃមនុស្សជាតិជានិច្ចកាល និងបង្ហាញនូវទំនួលខុសត្រូវរបស់ប្រទេសដ៏ធំមួយបានរួមគ្នា ពុះពារការលំបាកជាមួយបណ្តា ប្រទេសដទៃទៀត។ ប្រទេសចិនកាន់អាកប្បកិរិយាស្របច្បាប់ បើកទូលាយមានតម្លាភាពនិងទទួលខុសត្រូវជានិច្ច រាយការណ៍ព័ត៌មានស្តីពីជំងឺកូវីដ១៩ភ្លាមៗជូនសហគមន៍អន្តរជាតិ ចែករំលែកដោយឥតលាក់លៀមជាមួយបណ្តាភាគីនានាអំពីបទពិសោធន៍បង្ការ គ្រប់គ្រងនិងព្យាបាលជំងឺកូវីដ ១៩ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌តាមលទ្ធភាព ដល់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងនេះនៅទូទាំងពិភពលោក។
សៀវភៅសបានចង្អុលបង្ហាញថា នាពេលបច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលពាសពេញទូទាំងពិភពលោក។ ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា ឱ្យតែសហគមន៍ អន្តរជាតិជួយគ្នាទៅវិញទៅមកនិងរួមសុខ រួមទុក្ខជាមួយគ្នា ក៏ប្រាកដជានឹងយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដើរចេញពីគ្រាលំបាកក្នុង ប្រវត្ដិសាស្ដ្ររបស់មនុស្សជាតិលើកនេះ និងអបអរទទួលនូវអនាគតកាន់តែល្អបវរក្នុងការអភិវឌ្ឍមនុស្សជាតិមិនខាន៕