(គូឡាឡាំពួ)៖ ម៉ាឡេស៉ីនាថ្ងៃអាទិត្យនេះបានប្រកាសថា ខ្លួននឹងបើកសកម្មភាពសេដ្ឋកិច្ចស្ទើរតែទាំងអស់ឡើងវិញ ហើយនឹង អនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងរដ្ឋដូចធម្មតាវិញ នៅថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីប្រទេសនេះស្ថិតក្រោមការរឹតត្បិតអស់រយៈ ពេលជិត៣ខែ ដោយសារវិបត្តិជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។
នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin Yassin បានប្រកាសថា ការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសលោក គឺត្រូវ គ្រប់គ្រងបានដោយជោគជ័យ។ បើតាមលោក Yassin រដ្ឋាភិបាលម៉ាឡេស៉ីនឹងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពសង្គម អប់រំ ក៏ដូចជាសាសនា ជាជំហានៗ និងដោយស្របទៅតាមគោលការណ៍ណែនាំផ្នែកសុខាភិបាល ហើយអាជីវកម្មនឹងត្រូវអនុញ្ញាតឲ្យ វិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញតែម្តង។
លោក Yassin បានបន្តថា ការធ្វើដំណើរឆ្លងរដ្ឋក៏នឹងត្រូវអនុញ្ញាតវិញដែរ ចាប់ពីថ្ងៃទី១០ ខែមិថុនា ប៉ុន្តែព្រំដែនអន្តរជាតិគឺនៅតែ បិទដដែលសិន។ ចំណែកកន្លែងកម្សាន្តដូចជា សួនកម្សាន្ត ក្លឹបរាត្រី និងកីឡាដែលតម្រូវឲ្យមានការធ្វើប្រាស្រ័យជិតស្និទ្ធ រួមទាំង ព្រឹត្តិការណ៍ដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើនខ្លាំង ក៏មិនទាន់ឲ្យមានវិញនោះទេ។
គួរជម្រាបថា កាលពីពេលរងការលុកលុយខ្លាំងពីជំងឺ COVID-19 រដ្ឋាភិបាលម៉ាឡេស៉ី បានបិទអាជីកម្មដែលមិនសូវជាសំខាន់ និងសាលារៀន ព្រមទាំងហាមការប្រមូលផ្តុំគ្នា និងរឹតត្បិតការធ្វើដំណើរនៅថ្ងៃទី១៨ ខែមីនា។ ដោយសារចំណាត់ការទប់ស្កាត់ ទាំងនេះ ឥឡូវអត្រាឆ្លងរាលដាលនៅក្នុងប្រទេសអាស៊ានមួយនេះបានថយចុះមកនៅទាបជាងមុនឆ្ងាយជាច្រើនសប្តាហ៍ហើយ ។ មកទល់ពេលនេះ ម៉ាឡេស៉ីបានរកឃើញអ្នកឆ្លងសរុប៨,៣០៣នាក់ ក្នុងនោះស្លាប់១១៧នាក់ និងជាសះស្បើយវិញ ៦,៦៣៥នាក់ ៕