(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងនៃជំងឺ COVID-19 ចំនួន៨នាក់ថែមទៀត ហើយមិនមានករណីស្លាប់ថ្មីទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ថៃបានបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋថៃ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ៥នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម, ២នាក់មកពីគុយវ៉ែត, និងម្នាក់មកពីឥណ្ឌា ហើយ ពួកគេបានស្ថិតក្រោមការធ្វើចត្តាឡីស័កស្រាប់ (ការដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព)។ និយាយរួមគឺករណី ឆ្លងថ្មីៗ នៅប្រទេសថៃដែលត្រូវបានរកឃើញមួយរយៈនេះ សុទ្ធតែជាអ្នកមកពីក្រៅប្រទេស ដែលស្ថិតក្រោមការធ្វើចត្តាឡីស័ក។
គួរជម្រាបថា សរុបមកទល់ពេលនេះ ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន៣,១១២នាក់ ក្នុងនោះ៥៨នាក់បានស្លាប់ ប៉ុន្តែតួលេខអ្នកស្លាប់នេះបានបន្តរក្សានៅដដែល១៣ថ្ងៃហើយ។ ចំណែកអ្នកជំងឺ ដែលត្រូវបានព្យាបាលឲ្យជាសះស្បើយវិញមាន ២,៩៧២នាក់៕