(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានបន្តដង្ហែគ្នាធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក និងទីក្រុងធំៗ ដទៃទៀត កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ពាក់ព័ន្ធការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។

ក្រុមអ្នកតវ៉ាជាច្រើនក្រុមផ្សេងៗគ្នាបានធ្វើការប្រមូលផ្តុំនៅជុំវិញទីក្រុងវ៉ាស៊ីនតោន មុនពេលដង្ហែគ្នាបន្តទៅជុំនៅក្បែរសេតវិមាន ខណៈសន្តិសុខនៅជុំវិញបរិវេណកន្លែងស្នាក់នៅរបស់ប្រធានាធិបតីអាមេរិកនេះ ត្រូវបានរឹតបន្តឹងជាខ្លាំង។ នៅសហរដ្ឋអាមេរិក ការធ្វើបាតុកម្ម ដែលកើតមានឡើងក្រោយការស្លាប់របស់លោក George Floyd គឺបានអូសបន្លាយ១២ថ្ងៃហើយ។ ក្នុងថ្ងៃដដែល ក៏មានការដង្ហែធ្វើបាតុកម្មនៅទីក្រុងអាមេរិកធំៗដទៃទៀតដែរ រួមមាន Miami, Philadelphia និង New York។

គួរជម្រាបថា មនុស្សរាប់ពាន់នាក់ ក៏បាននាំគ្នាចុះផ្លូវធ្វើការតវ៉ានៅអឺរ៉ុប អូស្រា្តលី និងរាប់រយនាក់នៅទីក្រុងតូក្យូ និងសេអ៊ូល ផង ដែរ ដើម្បីជាការគាំទ្រដល់បាតុកម្មនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស៕