(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងករណីឆ្លង COVID-19 ចំនួន៥៧នាក់ថែម ទៀត ត្រូវបានរកឃើញនៅក្នុងប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។

ក្នុងចំណោមករណីថ្មីៗទាំងនោះ មានត្រឹម៤ករណីប៉ុណ្ណោះ ដែលនាំចូលមកពីក្រៅប្រទេស ខណៈករណីដទៃទៀតសុទ្ធតែពាក់ ព័ន្ធជាមួយ ការឆ្លងជាចង្កោមតូចៗ។ យ៉ាងណាមិញ ក្នុងរបាយការណ៍នាថ្ងៃអាទិត្យនេះ ពុំមានអ្នកជំងឺស្លាប់ថ្មីទៀតនោះទេនៅក្នុង ប្រទេសកូរ៉េខាងត្បូង។ ចំណែក អ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យបាន មាន២១នាក់។

គួរជម្រាបថា គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២០មក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង១លាន នាក់។ មកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លង១១,៧៧៦នាក់ ក្នុងនោះស្លាប់២៧៣នាក់ និងជាសះស្បើយ ១០,៥៥២នាក់៕