(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាលោកកំពុងឃ្លាំមើលស្ថានការណ៍នៅក្នុងទីក្រុងហុងកុង យ៉ាងយកចិត្តទុកដាក់ និងនៅតែបន្តគាំទ្រគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»។ នេះបើតាមមន្ត្រីបារាំងម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសៅរ៍នេះ មន្ត្រីម្នាក់បារាំងខាងលើដដែល បានអះអាងថា ការលើកឡើងរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងកន្លះ កាលពីថ្ងៃសុក្រម្សិលមិញ។ មន្ត្រីរូបនេះបញ្ជាក់បន្ថែមដូច្នេះថា៖ «លោកប្រធានាធិបតីម៉ាក្រុង បានប្រាប់លោកប្រធានាធិបតី ស៊ី ជិនពីង ថាលោកកំពុងតាមឃ្លាំមើលស្ថានការណ៍ក្នុងទីក្រុងហុងកុងយ៉ាងយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ជាថ្មី ផងដែរពីគោលជំហររបស់បារាំង ដែលនៅតែបន្តគាំទ្រគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ សម្រាប់ទីក្រុងហុងកុង»។

គួរបញ្ជាក់ថា វិមានប្រធានាធិបតីបារាំង កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ បានទទួលស្គាល់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ម៉ាក្រុង និងលោក ស៊ី ជិនពីង តែមិនបាន លើកឡើងពីសំណុំរឿងទីក្រុងហុងកុងនោះទេ៕