(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានប្រកាសនៅក្នុងវែបសាយរបស់ខ្លួនថា អាកាសយានដ្ឋានក្នុងស្រុកចំនួន ០៧ របស់ប្រទេសថៃត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញហើយ ដើម្បីចាប់ផ្តើមប្រតិបត្តិការហោះហើរនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
អាកាសយានដ្ឋានទាំង ៧ នោះរួមមាន តាក (Tak), ត្រាត (Trad), នគរាជសីម៉ា (Nakhon Ratchasima), ណារ៉ាធីវ៉ាត់ (Narathiwat), ប៉ៃ (Pai), ភិតចាប៊ុន (Phetchabun) និងសុខោទ័យ (Sukhothai)។ អាកាសចរណ៍ទាំងនេះ ត្រូវបានអនុញ្ញាតឲ្យដំណើរការ ជើងហោះហើរក្នុងស្រុកឡើងវិញ ប៉ុន្តែសម្រាប់ការហោះហើរទៅបរទេស គឺមិនទាន់ត្រូវបានអនុញ្ញាតនោះឡើយ។
អាជ្ញាធរថៃបានបញ្ជាក់ថា ការដាក់បំរាមលើជើងហោះហើរក្នុងប្រទេសទាំងមូល នឹងមិនត្រូវបានដកចេញនោះឡើយ រហូតទាល់តែការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២០។ បន្ថែមពីនេះ អាជ្ញាធរថៃក៏មិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា តើពេលណាទើបការហោះហើរជាលក្ខណៈជាតិ ត្រូវអនុញ្ញាតឡើងវិញនោះដែរ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ធ្លាប់បានអះអាងថា លោកមិនអាចទប់ទល់នឹង COVID-19 ហួសពីព្រំដែនរបស់ថៃនោះឡើយ ហើយថៃក៏មិនមានលទ្ធភាព ក្នុងការទប់ទល់ការផ្ទុះរលកទី ២ នៃជំងឺនេះដែរ៕