(មែលប៊ឺន)៖ មនុស្សរាប់ពាន់នាក់នៅថ្ងៃសៅរ៍នេះ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ានៅក្នុងប្រទេសអូស្រ្តាលី ហើយនៅប្រទេសជប៉ុនវិញ មនុស្សរាប់រយនាក់ក៏បានធ្វើដូចគ្នានេះដែរ ដើម្បីសម្ដែងការគាំទ្របាតុករនៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើបាតុកម្មប្រឆំាងនឹងអំពើហិង្សា ប្រព្រឹត្តដោយប៉ូលិសអាមេរិក និងទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ខណៈកូរ៉េខាងត្បូងក៏កំពុងត្រៀមរៀបចំបាតុកម្មដូចគ្នា នៅចុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
បាតុកម្មតវ៉ា និងការបង្ហាញភាពខឹងសម្បារនៅជុំវិញពិភពលោក បានកើតឡើងបន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសអាមេរិកក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា ដោយសារតែការចោទប្រកាន់ថា បានចាយលុយក្លែងក្លាយ ២០ដុលា្លរ។
នៅក្នុងទីក្រុង ប្រ៊ីសប៊ែន (Brisbane) នៃប្រទេសអូស្រ្តាលី មនុស្សប្រមាណ ១០,០០០នាក់បានចូលរួមនៅក្នុងបាតុកម្មតវ៉ាដោយសន្តិវិធី។ ងាកទៅទីក្រុង មែលប៊ន (Melbourne), អាឌែឡេដ (Adelaid, ស៊ីដនី (Sydney) និងទីក្រុងមួយចំនួនទៀត ក៏មានបាតុកម្មតវ៉ាផងដែរ ដោយក្រុមបាតុករនាំគ្នាស្រែកច្រៀងពាក្យស្លោក «គ្មានយុត្តិធម៌, គ្មានសន្តិភាព, គ្មានប៉ូលិសរើសអើងពូជសាសន៍ (No justice, no peace, no racist police)»។ ប៉ុន្តែបាតុកម្មតវ៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោមការដាក់កំហិត នៃវិធានការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាសដើម្បីទប់ស្កាត់ការឆ្លង COVID-19។
គួរជម្រាបថា ក្រៅពីអូស្ត្រាលី នៅក្នុងទីក្រុងតូក្យូក៏មានបាតុករជាច្រើននាក់ ចូលរួមក្នុងក្បួនបាតុកម្ម ប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តដោយប៉ូលិស និងទាមទារយុត្តិធម៌ឱ្យ បុរសស្បែកខ្មៅ George Floyd ផងដែរ ខណៈក្រុមសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើបាតុកម្មដោយសន្តិវិធីនៅចុងសប្តាហ៍នេះ នៅទីក្រុងសេអ៊ូល និងតាមប្រព័ន្ធអនឡាញ។ ដោយឡែកកន្លងមកនេះ ប្រទេសធំៗមួយចំនួនទៀត ដូចជាអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាជាដើម ក៏មានបាតុកម្មដូចគ្នាបានកើតឡើងរួចហើយដែរ៕