(ប៉ារីស)៖ កងកម្លាំងយោធាបារាំង បានសម្លាប់មេដឹកនាំក្រុមភេរវករអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង ឈ្មោះ Abdelmalek Droukdel ដោយជោគជ័យ ក្នុងប្រតិបត្តិការយោធាមួយ នៅឯប្រទេសម៉ាលី។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិបារាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Florence Parly ប្រកាសពីព័ត៌មានខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោកស្រី Parly បានគូសបញ្ជាក់ដូច្នេះថា៖ «កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ កងកម្លាំងយោធាបារាំង ដោយមានការគាំទ្រពីយោធានៃប្រទេសជាដៃគូក្នុងតំបន់ បានផ្ដាច់ ជីវិតមេដឹកនាំអាល់កៃដាប្រចាំតំបន់អាហ្វ្រិកខាងជើង Abdelmalek Droukdel និងមនុស្សជំនិតរបស់គេជាច្រើននាក់ នៅក្នុងប្រតិបត្តិការយោធានៅ តំបន់ភាគខាងជើងប្រទេសម៉ាលី»។
លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បន្ថែមថាជនឈ្មោះ Abdelmalek Droukdel គឺជាមេបញ្ជាការដ៏មានបទពិសោធន៍ម្នាក់របស់ក្រុមអាល់កៃដា និងត្រូវបាន តាមប្រមាញ់ ដោយយោធាបារាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយលោកស្រីជឿថាការស្លាប់របស់មេភេវករនេះ នឹងក្លាយជាការបាត់បង់ដ៏ធំធេងរបស់ ក្រុមអាល់កៃដា។
គួរបញ្ជាក់ថា ការប្រកាសពីការស្លាប់របស់ Abdelmalek Droukdel ធ្វើឡើងជិត៦ខែ បន្ទាប់បារាំង និងប្រទេសក្នុងតំបន់ បានរួមបញ្ចូលយោធារបស់ពួកគេ ឱ្យស្ថិតនៅក្រោមបញ្ជាតែមួយ ដែលមានគោលដៅបោសសម្អាត ក្រុមសកម្មប្រយុទ្ធ ISIS និងក្រុមអ្នកប្រយុទ្ធអាល់កៃដា នៅតាមតំបន់ព្រំដែននៃប្រទេសនីហ្សេ, ម៉ាលី និងបួរគីណា ហ្វាសូ៕