(អូតតាវ៉ា)៖ ក្រុមបាតុករនៅក្នុងប្រទេសកាណាដា បាននាំគ្នាស្រែកពាក្យស្លោក «ក្រោកឡើងប្រឆាំងនឹង ត្រាំ ឬ Stand up to Trump!» ទៅកាន់លោក នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) ខណៈរូបលោកបានចូលរួមជាមួយមនុស្សរាប់ពាន់នាក់ នៅក្នុងបាតុកម្មតវ៉ាប្រឆាំងការរើសអើងពូជសាសន៍ និងលុតជង្គង់បង្ហាញសាមគ្គីភាពជាមួយក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
លោក Trudeau បានពាក់ម៉ាសពណ៌ខ្មៅ និងត្រូវបានការពារដោយក្រុមអង្គរក្ស បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលនៅក្នុងបាតុកម្មតវ៉ា (គ្មានយុត្តិធម៌ គ្មានសន្តិភាព ឬ No justice = No peace) ដើម្បីទាមទាមយុត្តិធម៌ឱ្យ ចច ហ្វ្លយដ៍ (George Floyd) នៅខាងមុខសភាជាតិកាណាដា នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ វត្តមានរបស់លោក Trudeau នៅក្នុងបាតុកម្មតវ៉ានេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់ស្ត្រីជនជាតិដើមភាគតិចម្នាក់ កំឡុងការធ្វើតេស្ដសុខភាពមួយនៅភាគខាងកើតប្រទេសកាណាដា។
បាតុកម្មតវ៉ា ក៏បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនផងដែរ នៅក្នុងប្រទេសកាណាដា ក្នុងនោះរួមមានទីក្រុង តូរ៉ុនតូ (Toronto) ជាទីដែលមនុស្សរាប់រយនាក់បាននាំគ្នាដើរតាមដងផ្លូវ នៅក្នុងក្បួនបាតុកម្មមួយប្រឆាំងនឹងការរើសអើងពូជសាសន៍ ក្រោយបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុងនៃរដ្ឋមីននីសូតា (Minnesota) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។
នៅក្នុងបាតុកម្មតវ៉ានៅខាងមុខសភាជាតិកាណាដា ក្នុងរដ្ឋធានីអូតតាវ៉ា លោក Trudeau បានលុតជង្គង់បីដងជាមួយក្រុមបាតុករដទៃ ដើម្បីបង្ហាញសាមគ្គីភាព និងសម្ដែងការប្រឆាំងជំទាស់នឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសលើពលរដ្ឋអាមេរិកកាំង ដើមកំណើតអាហ្វ្រិក។ ក្រោយបាតុកម្ម មនុស្សជាច្រើននាក់បានបង្ហាញការអរគុណយ៉ាងខ្លាំងដល់លោកនាយករដ្ឋមន្ត្រីកាណាដា សម្រាប់ការលុតជង្គង់។
គួរជម្រាបថា លោក Justin Trudeau មិនបានថ្លែងសុន្ទរកថាអ្វីនោះទេ កំឡុងចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសុក្រ និងបានចាកចេញ ខណៈក្រុមបាតុករនាំគ្នាធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិក ដែលស្ថិតនៅក្បែរសភាជាតិកាណាដា។ បន្ថែមពីលើនេះ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរ ពីគំនិតដាក់ពង្រាយកងទ័ពបង្ក្រាបបាតុករប្រើហិង្សា របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក Trudeau មិនបានបញ្ចេញយោបល់អ្វីឡើយ ដោយគ្រាន់តែបញ្ជាក់ថា កាណាដាកំពុងឃ្លាំមើលស្ថានការណ៍ក្នុងសហរដ្ឋអាមេរិក៕