(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបង្កឲ្យមានភាពចម្រូងចម្រាសសាជាថ្មី ជុំវិញពាក្យសម្តីរបស់លោក ដែលបានហៅការធ្លាក់ចុះនៃអត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកថា «ជាថ្ងៃដ៏អស្ចារ្យ» សម្រាប់លោក ចច ហ្វ្លយដ៍ (George Floyd)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានធ្វើការកត់សំគាល់ខាងលើ នៅក្នុងសន្និសីទកាសែតខ្លីមួយនៅឯសេតវិមាន បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានប្រកាសថា អត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះដល់ ១៣.៣%។ ពោលគឺ ១១ ថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Floyd។ ប្រការនេះ វាបានបង្កឲ្យមានការភ័ន្តច្រឡំថា ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ គិតថាវាជាថ្ងៃដ៏អស្ចារ្យសម្រាប់ Floyd?
ជុំវិញករណីលោក Floyd ដែលជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកស្លាប់ក្រោមក្បាលជង្គង់អាជ្ញាធរប៉ូលីសទីក្រុងមីននាផូលីស (Minneapolis) លោកប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា «យើងទាំងអស់គ្នាបានឃើញពីអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន។ យើងមិនអាចអនុញ្ញាតឲ្យរឿងនោះកើតឡើងបានម្តងទៀតទេ... សង្ឈឹមថាលោក George Floyd នឹងមើលឃើញស្ថានការណ៍នៅពេលនេះ ហើយនិយាយថានេះគឺជារឿងដ៏អស្ចារ្យដែលកើតឡើងចំពោះប្រទេសរបស់យើង»។ ឃ្លាចុងក្រោយនេះ ទំនងលោកចង់សំដៅដល់ការកើនឡើង នៃអត្រាអ្នកមានការងារធ្វើ។
ជាមួយគ្នានេះលោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា «នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់គាត់ (George Floyd)។ វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។ វាជាថ្ងៃដ៏អស្ចារ្យនៃសមភាពសង្គម»។
គួរជម្រាបថា ការស្លាប់របស់លោក Floyd បានធ្វើឲ្យផ្ទុះកំហឹងដែលមានជាយូរមកហើយ ចំពោះករណីប៉ូលីសអាមេរិកស្បែកស សម្លាប់ពលរដ្ឋអាមេរិកដើមកំណើតអាហ្រិក ខណៈករណីនេះវាបានបង្កជាភាពវឹកវរនៅទូទាំងសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លាបំផុត មិនធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការធ្វើឃាតលោក ម៉ាទីន លូសឺ ឃីង (Martin Luther King) ដែលជាសកម្មជនសិទ្ធិមនុស្សល្បីល្បាញបំផុត កាលពីឆ្នាំ១៩៦៨៕