Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងច្រានច្រោលការអះអាងរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលថាមេបក្សប្រឆាំង Guaido ទៅពួនសំងំក្នុងស្ថានទូតខ្លួន (Video inside)

05-06-2020 20:52

(ប៉ារីស)៖ នៅថ្ងៃសុក្រនេះរដ្ឋាភិបាលបារាំងបានចេញមុខបដិសេធចំពោះការអះអាងថា មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ត្រូវបានទទួលឲ្យជ្រកកោននៅឯស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងការ៉ាកាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី Agnes von der Muhll បាននិយាយដូច្នេះថា «លោក Juan Guaido មិនមែន ស្ថិតក្នុងស្ថានទូតបារាំងប្រចាំនៅទីក្រុងការ៉ាកាស់ឡើយ។ ខាងយើងបានបញ្ជាក់បែបនេះ ប្រាប់ខាងអាជ្ញាធរវេណេស៊ុយអេឡា ជាច្រើនលើកហើយ»។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានអះអាងថា លោក Guaido បានទៅពួនសំងំនៅក្នុងស្ថានទូតបារាំង ហើយកាលពីប៉ុន្មានថ្ងៃមុនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានព្រលយសម្តីថា លោក Guaido កំពុងលាក់ខ្លួននៅអគារបេសកកម្មបរទេសប្រចាំនៅវេណេស៊ុយអេឡា។ ពេលនោះ លោក Guaido បានបង្ហោះសារលើប្រព័ន្ធ Twitter ថាវាជារឿងមិនពិត ដោយថាលោកកំពុងស្ថិតនៅជាមួយប្រជាជនវេណេស៊ុយអេឡា។

គួរជម្រាបថា កន្លងមកលោក ម៉ាឌូរ៉ូ និងរដ្ឋាភិបាលលោក ធ្លាប់បានប្រកាសចាត់ទុកលោក Guaido ជា «ជនល្មើសរត់គេចពីប្រព័ន្ធ យុត្តិធម៌» ប៉ុន្តែមិនធ្លាប់មានការចេញដីកាចាប់ខ្លួនមេបក្សប្រឆាំងរូបនេះជាផ្លូវការនោះទេ៕