Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Floyd កែប្រែពិភពលោក! ក្រុមការពារសិទ្ធិជនស៊ីវិល «ប្តេជ្ញាធ្វើបាតុកម្មទ្រង់ទ្រាយធំ» ដើម្បីផ្តាស់ប្តូរប្រព័ន្ធយុត្តិធម៌ នៅសហរដ្ឋអាមេរិកឲ្យបាន! (Video inside)

05-06-2020 09:37

(មីនតា)៖ អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធី គោរពវិញ្ញាណដ៏រំជួលចិត្តចំពោះលោក ចច ហ្វ្លយដ៍ (George Floyd) ជាបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្រោមជង្គង់ប៉ូលីស កាលពីដើមសប្តាហ៍មុននេះ ខណៈមេដឹកនាំការពារសិទ្ធិជនស៊ីវិលនៅអាមេរិកលោក អាល់ ហ្សាបថុន (Al Sharpton) បានប្តេជ្ញាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ រហូតទាល់តែអាចផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ទាំងមូល នៅសហរដ្ឋអាមេរិកបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

នៅឯពិធីបុណ្យសព Floyd លោក ប៊ិនចាមីន ក្រាំ (Benjamin Crump) ដែលអ្នកជាតំណាងឲ្យក្រុមគ្រួសាររបស់ Floyd បានថ្លែងយ៉ាងដូច្នេះថា «វាមិនមែនជំងឺឆ្លង COVID-19 ទេ ដែលបានសម្លាប់លោក George Floyd។ ប៉ុន្តែវាជាជំងឺឆ្លងមួយប្រភេទផ្សេងទៀត នោះគឺជាជំងឺរើសអើងជាតិសាសន៍ និងប្រកាន់ពូជសាសន៍»

ដោយឡែកមេដឹកនាំក្រុមសកម្មជនសិទ្ធិជនស៊ីវិលលោក Al Sharpton បាននិយាយថា ការស្លាប់របស់លោក Floyd នឹងមិនឥតប្រយោជន៍ឡើយ។ «នេះជាពេលដែលយើងទាំងអស់គ្នាត្រូវតែក្រោកឈរឡើង ដើម្បីប្រឆាំងនឹងការរើសអើងពូជសាសន៍... អ្នកបានផ្លាស់ប្តូរពិភពលោក George។ យើងនឹងបន្តប្រយុទ្ធជាមួយអ្នក។ យើងនឹងបន្តទៅមុខទៀត រហូតទាល់តែយើងអាចផ្លាស់ប្តូរ ប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិកទាំងមូល»។ នេះជាការលើកឡើងរបស់ លោក Al Sharpton ។ ជាមួយគ្នានេះលោកក៏បានសង្កត់ធ្ងន់ទៀតថា «មិនថាអ្នកស្លៀកពាក់ឯកសណ្ឋានពណ៌អ្វីទេ អ្នកត្រូវតែបង់ថ្លៃចំពោះឧក្រិដ្ឋកម្ម ដែលអ្នកបានប្រព្រឹត្ត»

គួរជម្រាបថា ការស្លាប់របស់លោក Floyd បានធ្វើឲ្យផ្ទុះកំហឹងដែលមានជាយូរមកហើយ ចំពោះករណីប៉ូលីសអាមេរិកស្បែកស សម្លាប់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ខណៈករណីនេះវាបានបង្កជាភាពវឹកវរ នៅទូទាំងសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លាបំផុត មិនធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការធ្វើឃាតលោក ម៉ាទី លូសឺ ឃីង (Martin Luther King) ដែលជាសកម្មជនសិទ្ធិមនុស្សល្បីល្បាញបំផុត នៅអាមេរិកកាលពីឆ្នាំ១៩៦៨៕