SpaceX ជោគជ័យទៀតហើយ ក្នុងការបាញ់បង្ហោះផ្កាយរណប ម្តង៦០គ្រឿងឡើងទៅទីអវកាស!
04-06-2020 17:30
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណបអ៉ីនធើណិត Starlink ចំនួន ៦០គ្រឿងទៀត ដែលជាក្រុមទី ៨ របស់ខ្លួនទៅកាន់ទីអវកាសនៅថ្ងៃពុធសប្ដាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ផ្កាយរណបអ៉ីនធើណិត Starlink ចំនួន ៦០គ្រឿង ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Falcon-9 ចេញពីមូលដ្ឋានទ័ពអាកាស ខេបខាណាវើរ៉ាល់ (Cape Canaveral Air Force) ស្ថិតនៅរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ បន្ទាប់ពីតំណាក់កាលផ្ដាច់ខ្លួន, តំណាក់កាលទី ២ នៃគ្រាប់រ៉ុក្កែត Falcon 9 បានចុះចតនៅលើផែនាវាដ្រូន (droneship) ដែលត្រូវបានដាក់ឈរជើងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយក្រោយមកទៀតទើប SpaceX ប្រកាសពីជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៦០គ្រឿងនោះតែម្តង។
បើតាម SpaceX ផ្កាយរណបផ្តល់សេវាអ៉ីនធើណិត Starlink នឹងផ្ដល់នូវអ៉ីនធើណិតល្បឿនលឿន ទៅកាន់តំបន់ដែលសេវាអ៉ីនធើណិតមិនអាចទៅដល់, មានតម្លៃថ្លៃ ឬមិនមានអ៉ីនធើណិតតែម្ដង។ ចំណែកឯសេវាអ៉ីនធើណិត របស់ក្រុមហ៊ុនអវកាសមួយនេះ អាចនឹងដំណើរការ នៅតំបន់ភាគខាងជើងសហរដ្ឋអាមេរិក និងប្រទេសកាណាដានៅក្នុងឆ្នាំនេះ ហើយគ្រោងនឹងគ្របដណ្ដប់ជាសកលនៅឆ្នាំ២០២១ ខណៈ SpaceX មានគម្រោងបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ១២,០០០គ្រឿងនៅត្រឹមឆ្នាំ២០២៤ និង ៣០,០០០គ្រឿងបន្ថែមទៀតនៅពេលអនាគត៕