(ប្រេស៊ីឡា)៖ ប្រេស៊ីលបានបំបែកកំណត់ត្រាករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ០២ថ្ងៃជាប់ៗគ្នាមកហើយ ដែលមានអត្រាអ្នកស្លាប់ក្បែរ ១,៥០០នាក់ក្នុងថ្ងៃ។ តែទោះបីជាបែបនេះក្តី អាជ្ញាធរក្រុង និងរដ្ឋនានានៃប្រទេសអាមេរិកឡាទីនមួយនេះ ក៏នៅតែព្យាយាមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញដដែល។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

តួលេខផ្លូវការចេញពីក្រសួងបានបង្ហាញថា ក្នុងរយៈពេលពេញមួយថ្ងៃពុធ (ពេលវេលានៅប្រេស៊ីល) ប្រទេសអាមេរិកឡាទីនមួយនេះបានកត់ត្រា ចំនួនអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ ១,៣៤៩នាក់ និងចំនួនករណីឆ្លង ២៨,៦៣៣ករណី។ ជាសរុបបច្ចុប្បន្នប្រេស៊ីលមានករណីឆ្លងជំងឺ COVID-19 សរុបជាង ៥៨៤,០០០ករណី ដោយក្នុងនោះអ្នកជំងឺចំនួនជាង ៣២,០០០នាក់ស្លាប់បាត់បង់ជីវិត។

ទោះជាយ៉ាងណា នៅទីក្រុងរីយ៉ូ (Rio de Janeiro) ដែលជាទីក្រុងធំលំដាប់ទី ២ របស់ប្រទេសនេះ ហាងទំនិញជាច្រើនប្រភេទត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ ជាលើកដំបូងនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលប៉ុន្មានខែកន្លងមកហើយនៅចំពោះមុខវិបត្តិ COVID-19។ ប្រធានាធិបតីស្តាំនិយមលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលពីដំបូងបានមើលស្រាលលើហានិភ័យរបស់ COVID-19 បានលើកឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ការស្លាប់គឺជាជោគវាសនារបស់មនុស្សគ្រប់រូប» ដែលទំនងជាលោកចង់សំដៅដល់ការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះជារឿងធម្មតា និងមិនអាចគេចផុតបាន ខណៈសកម្មភាពសេដ្ឋកិច្ចជារឿងសំខាន់ជាង។

ដោយឡែកនៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលនៃប្រទេសប្រស៊ីល បានសម្រេចអនុញ្ញាតឲ្យមានការធ្វើតេស្តសាកល្បង វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស នៅក្នុងប្រទេសរបស់ខ្លួន។ វ៉ាក់សាំងនេះ ត្រូវបានតេស្តសាកស្បងយ៉ាងជោគជ័យទៅលើសត្វស្វារួចហើយ ខណៈបច្ចុប្បន្នត្រូវបានគេចាត់ចែង រៀបចំតេស្តលើមនុស្សចំនួន ១០,០០០នាក់នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែដោយសារតែចង់ដឹងកាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វា ក្រុមអ្នកវិទ្យាសាស្ត្រក៏បានសម្រេចចិត្ត ពង្រីកការធ្វើតេស្តរហូតដល់ប្រទេសប្រេស៊ីល ថ្បិតថាប្រទេសអាមេរិកឡាទីនមួយនេះ ជាប្រទេសដែលកំពុងឈរនៅលំដាប់លេខ ២ លើពិភពលោក្នុងតារាងប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក៕