(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោច ៣៩នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយចាក់នឹងកាំបិត នៅឯសាលាមតេយ្យមួយកន្លែងស្ថិតនៅក្នុងតំបន់ ខាងវូ (Cangwu) នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូងប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងចំណោមអ្នករងរបួស ៣៩នាក់នោះមាន ៣៧នាក់ជាសិស្ស និង ០២នាក់ជាមនុស្សពេញវ័យ ហើយក្នុងចំណោមអ្នករងរបួសនេះទៀតសោតមាន ០៣នាក់រងរបួសធ្ងន់ ក្នុងនោះរួមមាននាយកសាលា សិស្សម្នាក់ និងសន្តិសុខយាមសាលាម្នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតពីចេតនា ឬមូលហេតុនៃការវាយប្រហារនេះនៅឡើយទេ។ ចំណែកឯបុរសជាខ្មាន់កាំបិត ដែលត្រូវបានចាប់ខ្លួន និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា ជាសន្តិសុខយាមសាលាមតេយ្យខាងលើតែម្ដង ដែលមាននាមត្រកូល លី (Li)៕