Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសជប៉ុនចាប់ខ្លួននិស្សិតម្នាក់ ដែលបានប្រើស្នា បាញ់សមាជិកគ្រួសារខ្លួនឯងស្លាប់ពីរនាក់

04-06-2020 15:06

(តូក្យូ)៖ អាជ្ញាធរជប៉ុនបានចាប់ខ្លួននិស្សិតដែលបានប្រើស្នា បាញ់សមាជិកគ្រួសាររបស់ខ្លួនឲ្យស្លាប់ ០២នាក់ និងឲ្យរបួសយ៉ាងតិច ០២នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើងនៅទីក្រុង តាការ៉ាហ្ស៊ូកា (Takarazuka) ក្នុងតំបន់ ហ៊ីយ៉ូកុ (Hyogo) ភាគខាងលិចប្រទេសជប៉ុន ហើយនិស្សិតម្នាក់នោះត្រូវបាន ចាប់ខ្លួននៅហ្នឹងកន្លែងកើតហេតុតែម្តង។ ជនរងគ្រោះជាស្រ្តី ០២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែនៅតែត្រូវបាត់បង់ជីវិត ខណៈជនរងគ្រោះពីរនាក់ទៀត ដោយម្នាក់ជាបុរស និងម្នាក់ជាស្រ្តីកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។

យោងតាមសារព័ត៌មានជប៉ុន Kobe Shimbun និស្សិតជប៉ុនម្នាក់នោះបានសារភាពថា គេពិតជាបានសម្លាប់សមាជិកគ្រួសារមួយចំនួនរបស់ខ្លួនមែន។ រីឯសារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ជនដៃដល់ត្រូវបានចាប់ខ្លួនពីបទប៉ងសម្លាប់មនុស្ស។ យ៉ាងណាមិញ ខាងប៉ូលិសនៃទីក្រុង Takarazuka បានសុំមិនធ្វើការអត្ថាធិប្បាយអ្វីជុំវិញករណីនេះឡើយ។

គួរជម្រាបថា បទល្មើសដោយហិង្សាគឺជារឿងដ៏កម្រនៅក្នុងប្រទេសជប៉ុន ហើយអាវុធផ្សេងៗ គឺស្ថិតក្រោមគ្រប់គ្រងយ៉ាងរឹងរ៉ឹង៕