(វ៉ាស៊ីនតោន)៖ យោងតាមលទ្ធផលធ្វើតេស្តដែលទើបចេញថ្មីៗនេះ ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អ៉ីដ្រូស៉ីក្លរ៉ូឃ្វីន (Hydroxychloroquine) គឺមិនមានប្រសិទ្ធភាពនោះឡើយ ក្នុងការទប់ស្កាត់ការចូលលុកលុយនៃជំងឺ COVID-19 នៅក្នុងខ្លួនមនុស្ស។ នេះបើតាមការចេញផ្សាយដោយ CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

ការពិសោធន៍ខាងលើត្រូវបានដឹកនាំដោយក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យរដ្ឋមីននីសូតារបស់សហរដ្ឋអាមេរិក ហើយលទ្ធផលនៃការធ្វើតេស្តស្រាវជ្រាវរបស់ពួកគេ ទើបតែត្រូវបានចេញផ្សាយ​នៅលើទស្សនាវដ្តីឱសថ New England Journal of Medicine។ នៅក្នុងការពិសោធន៍នោះ អ្នកស្រាវជ្រាវបានធ្វើតេស្តលើមនុស្សសរុប ៨២១នាក់ដែលទើបតែបានឆ្លងជំងឺ COVID-19។

ថ្នាំ Hydroxychloroquine នេះហើយ ដែលធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយសរសើរថា អាចជាថ្នាំសម្រាប់ព្យាបាល COVID-19 ជាជំងឺថ្មីដែលមកទល់ពេលនេះ​មិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយទេ។ លោក ត្រាំ ថែមទាំងបានអះអាងថា លោកបានប្រើថ្នាំនេះផ្ទាល់អស់ប៉ុន្មានថ្ងៃទៀតផង។

គួរជម្រាបថា កន្លងមកនេះ ការធ្វើតេស្តដទៃទៀតទាក់ទងនឹងថ្នាំប្រឆាំងជំងឺគ្រុនចាញ់នេះ គឺត្រូវបានបញ្ឈប់ទៅវិញ ក្រោមក្តីបារម្ភអំពីសុវត្ថិភាពនៃការប្រើប្រាស់វាទៅព្យាបាលអ្នកជំងឺ COVID-19។ យ៉ាងណាមិញ លោក ដេវីដ បូលវែរ (David Boulware) ដែលជាវេជ្ជបណ្ឌិតឯកទេសខាងជំងឺឆ្លងរបស់សាកលវិទ្យាល័យមីននីសូតា បាននិយាយដូច្នេះថា «ចំពោះភាគីទាំងពីរ គឺអ្នកដែលនិយាយថាថ្នាំនេះមានគ្រោះថ្នាក់ និងអ្នកដែលនិយាយថា ថ្នាំនេះមានប្រសិទ្ធភាព គឺសុទ្ធតែគិតខុសទាំងអស់»។ ការស្រាវជ្រាវរបស់លោកបានរកឃើញថា ការប្រើថ្នាំ Hydroxychloroquine ពុំបានបង្កផលអវិជ្ជមានធ្ងន់ធ្ងរអ្វីឡើយដល់សុខភាព តែក៏មិនមានប្រសិទ្ធភាពក្នុងការព្យាបាល ឬទប់ស្កាត់ COVID-19 នោះដែរ៕