(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ប្រតិបត្តិការជើងហើររបស់ខ្លួនមកកាន់ចិនដីគោកវិញ បន្ទាប់ពីត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនខែ នៅក្រោមក្របខណ្ឌនៃយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) ការកែសម្រួលខាងលើ ធ្វើឡើងដោយផ្អែកលើហានិភ័យនៃ COVID-19 កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍បរទេសបច្ចុប្បន្ន ដែលមិនអាចប្រតិបត្តិការជើងហោះហើរ មកកាន់ចិនដីគោក អាចជ្រើសរើសទីក្រុងមួយនៅក្នុងប្រទេសចិន ជាគោលដៅសម្រាប់ជើងហោះហើរមួយជើងក្នុងមួយសប្ដាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ ខែមិថុនា ខាងមុខនេះតទៅ។

បន្ថែមពីលើនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនក៏បានអះអាងដែរថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើនចំនួនជើងហោះហើរ អន្តរជាតិមកកាន់ចិនដីគោក ០២លើកក្នុងមួយសប្ដាហ៍ នៅក្នុងករណីដែលគ្មានអ្នកដំណើរ នៅលើជើងហោះហើររបស់ពួកគេណាម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 សម្រាប់រយៈពេល ០៣សប្ដាហ៍ជាប់ៗគ្នា។

គួរបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ប្រតិបត្តិការជើងហើររបស់ខ្លួនមកកាន់ចិនដីគោកវិញ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ហោះហើរមកកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៦ ខែមិថុនានេះតទៅ ជាការដាក់សម្ពាធឱ្យទីក្រុងប៉េកាំង អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ប្រតិបត្តិការជើងហោះហើរទៅកាន់ប្រទេសចិនឡើងវិញ៕