(សេអ៊ូល)៖ កាសែតរដ្ឋដ៏ធំរបស់កូរ៉េខាងជើង បានចេញផ្សាយបទអត្ថាធិប្បាយមួយថា សហរដ្ឋអាមេរិកគ្មានតួនាទីអ្វី ទៅរិះគន់ប្រទេសចិនជុំវិញបញ្ហាហុងកុង ឬក៏សិទ្ធិមនុស្សនោះឡើយ ខណៈនៅទីក្រុងវ៉ាស៊ីនតោនខ្លួនឯង ប្រធានាធិបតីបែរជាព្រមានព្រលែងសត្វសុនខ ឲ្យទៅបង្ក្រាបក្រុមបាតុករដែលចង់សម្រុកចូលសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។
ការឆ្លើយតបរបស់ស្ថាប័នកិច្ចអន្តរជាតិ នៃគណបក្សពលករកូរ៉េ (WPK) ដែលត្រូវបានចុះផ្សាយដោយកាសែតរដ្ឋកូរ៉េខាងជើងខាងលើនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលបានចាត់ទុកការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ដើម្បីដាក់ឲ្យអនុវត្តលើទីក្រុងហុងកុងនោះថា ជាការបំផ្លាញ «ទស្សនលោកខាងលិច, ប្រជាធិបតេយ្យលោកខាងលិច, តម្លៃលោកខាងលិច និងធ្វើឲ្យអាមេរិកស្ថិតនៅក្នុងហានិភ័យ»។
អ្នកនាំពាក្យរបស់បក្សកាន់អំណាចតែមួយនៅកូរ៉េខាងជើង បានចាត់ទុកការលើកឡើង ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិកនោះថា «ជាសម្តីគ្មានប្រយោជន៍»។ កូរ៉េខាងជើងក៏បានលើកឡើងអំពីការបង្ក្រាបបាតុកម្ម និងការរើសអើងពូជសាសន៍រវាងស និងខ្មៅ ដែលចាក់ឬសរាប់សតវត្សរ៍នៅទូទាំងសហរដ្ឋអាមេរិកផងដែរ ជាពិសេសនោះគឺការគំរាមប្រើសុនខ ទៅស្វាគមន៍ក្រុមបាតុករ ដែលធ្វើការតវ៉ា និងចង់សម្រុកចូលសេតវិមាន នៅវ៉ាស៊ីនតោននោះផងដែរ៕