(ហុងកុង)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នៅថ្ងៃពុធនេះបានព្រមានថាចក្រភពអង់គ្លេសនឹងមិនឈរឱបដៃមើលឡើយ បើសិនជាចិន ដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
លោក Boris Johnson ធ្វើការព្រមានបែបនេះ នៅក្នុងសុន្ទកថាមួយជាលើកដំបូងឆ្លើយតបទៅនឹងសកម្មភាពរបស់ចិន លើទីក្រុងហុងកុង ដែលជាអតីត ដែនដីរបស់ចក្រភពអង់គ្លេស។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសង្កត់ធ្ងន់ដែរថាច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង គឺជាទង្វើរំលោភលើសន្ធិសញ្ញាទ្វេភាគីរវាងអង់គ្លេស និងចិន។ លោក Johnson បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «បើសិនជាចិន ពិតជាដាក់ឱ្យអនុវត្ត ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងមែន នោះវានឹងក្លាយជាទង្វើផ្ទុយទាំងស្រុងទៅនឹងកាត្វកិច្ចរបស់ខ្លួនឯងនៅក្រោមសេចក្ដីប្រកាសរួម ដែល ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ...ដូច្នេះបើរឿងបែបនេះកើតឡើង នោះអង់គ្លេសគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីបន្តរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាពដ៏ជ្រាលជ្រៅជាមួយប្រជាជនហុងកុង»។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ មហាយក្សចិន ក៏បានចេញសារព្រមានមួយទៅកាន់ចក្រភពអង់គ្លេសផងដែរថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុង របស់ចិន គឺមិនអ្វីទៅនឹងការជួញទុក្ខ យកមកដាក់ខ្លួននោះឡើយ។ ការព្រមានបែបនេះទៀតសោត ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក ដូមីនីក រ៉ាអ៊ែប (Dominic Raab) បានធ្វើការរិះគន់ចិនកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយចាត់ទុកច្បាប់សន្តិសុខជាតិថ្មី ដែលទីក្រុងប៉េកាំង ត្រៀមអនុម័តនោះថា ជាការបំផ្លាញវត្ថុដ៏មានតម្លៃរបស់ទីក្រុងហុងកុង ក្នុងនោះលោករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវឲ្យប្រទេសចិន ដកថយចេញពីមាត់ជ្រោះផងដែរ៕