(ហ្សាការតា)៖ តុលាការនៅប្រទេសឥណ្ឌូណេស៉ីនាថ្ងៃពុធនេះ បានបង្គាប់ឲ្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) សុំទោសជាសាធារណៈ បន្ទាប់ពីតុលាការបានកាត់សេចក្តីថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក ក្នុងការដាក់កំហិតលើល្បឿនអ៉ីនធើណែត ដើម្បីគ្រប់គ្រងភាពវឹកវរ ដែលបានកើតឡើងនៅខេត្តប៉ាពួ (Papua) ភាគខាងកើតប្រទេសកាលពីឆ្នាំមុន គឺជាទង្វើខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
កាលពីខែសីហា ឆ្នាំ២០១៩ បាតុកម្មលាយឡំជាមួយអំពើហិង្សា បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើននៃខេត្ត Papua ក៏ដូចជា វែសត៍ប៉ាពួ (West Papua) ភាគខាងកើតប្រទេសឥណ្ឌូណេស៉ី បន្ទាប់ពីក្រុមនិស្សិត Papau នៅទីក្រុងសួរ៉ាបាយ៉ា (Surabaya) នៃកោះជ្វាត្រូវគេអះអាងថា ទទួលរងការប្រមាថមើលងាយ បែបរើសអើសពូជសាសន៍។ ពេលនោះរដ្ឋាភិបាលឥណ្ឌូណេស៉ី ក៏បានដាក់កំហិតលើល្បឿនអ៉ីនធើណែត សំដៅទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត ដែលអាចបំផុសឲ្យអំពើហិង្សាកាន់តែអាក្រក់។
យ៉ាងណាមិញ ក្នុងការកាត់សេចក្តីនៅថ្ងៃពុធនេះ តុលាការរដ្ឋបាលនៃទីក្រុងហ្សាការតា បានបង្គាប់ឲ្យលោក Joko Widodo ព្រមទាំងរដ្ឋាភិបាលរបស់លោកជារួម ចេញមុខធ្វើការសុំទោសជាផ្លូវការចំពោះប្រជាជនឥណ្ឌូណេស៉ី ព្រមទាំងស្ថាប័នព័ត៌មាននានា សម្រាប់ការសម្រេចចិត្តធ្វើបែបនោះ។
គួរជម្រាបថា យោងតាមសេចក្តីបង្គាប់របស់តុលាការខាងលើគឺលោក Widodo និងរដ្ឋាភិបាល ត្រូវតែចេញផ្សាយការសុំទោសនោះ នៅលើកាសែតជាតិចំនួន ០៣ និងលើស្ថានីយទូរទស្សន៍ចំនួន ០៦ ក្នុងអំឡុងពេលមួយខែ ក្រោយការចេញសេចក្តីបង្គាប់នេះ៕