(ប៉េកាំង)៖ មហាយក្សចិនបានចេញសារព្រមានមួយ ទៅកាន់ចក្រភពអង់គ្លេសថា ការលូកលាន់កិច្ចការផ្ទៃក្នុងទីក្រុងហុងកុងរបស់ចិន គឺមិនអ្វីទៅនឹងការជួញទុក្ខ យកមកដាក់ខ្លួននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
ការព្រមានចំៗរបស់ចិនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស ថ្លែងសាររិះគន់មកលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិថ្មី ដែលចិនគ្រោងអនុម័តឲ្យប្រើប្រាស់ លើទីក្រុងហុងកុង។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានថ្លែងយ៉ាងដូច្នេះថា «យើងសូមផ្តល់ដំបូន្មានដល់ចក្រភពអង់គ្លេស ឲ្យដកខ្លួនថយចេញពីមាត់ជ្រោះ រួចបោះបង់ចោលថ្នត់គំនិតនៃសង្គ្រាមត្រជាក់ និងអាណានិគមនិយមរបស់ខ្លួន ហើយធ្វើការទទួលស្គាល់ និងគោរពទៅដល់ការពិត ដែលហុងកុងត្រូវបានប្រគល់ឲ្យចិនវិញរួចទៅហើយ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក ដូមីនីក រ៉ាអ៊ែប (Dominic Raab) បានធ្វើការរិះគន់ចិនកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយចាត់ទុកច្បាប់សន្តិសុខជាតិថ្មី ដែលទីក្រុងប៉េកាំងត្រៀមអនុម័តនោះថា ជាការបំផ្លាញវត្ថុដ៏មានតម្លៃរបស់ទីក្រុងហុងកុង ក្នុងនោះលោករដ្ឋមន្ត្រីអង់គ្លេសក៏បានអំពាវនាវឲ្យប្រទេសចិន ដកថយចេញពីមាត់ជ្រោះផងដែរ៕