(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបញ្ជាក់ថា ខ្លួនបានទទួលយកសំណើផែនការរបស់កូរ៉េខាងត្បូង ស្តីពីការផ្តល់ទឹកប្រាក់ចំនួនជាង ២០០ លានដុល្លារអាមេរិក សម្រាប់ថ្លៃពលកម្មរបស់បុគ្គលិកកូរ៉េខាងត្បូងទាំងអស់ ដែលធ្វើការនៅឯមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មានស៊ីនហួរ នារថ្ងៃពុធ ទី០៣ ខែមិនថុនា ឆ្នាំ២០២០។
ទោះយ៉ាងណា សម្ព័ន្ធមិត្តទាំងពីរនៅតែមិនទាន់បានសម្រេចឈានទៅដល់កិច្ចព្រមព្រៀងចែកបន្ទុកគ្នាលើការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូងហៅកាត់ថា (SMA) នៅឡើយទេ ។ ក្រសួងការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា «យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តរបស់យើង ឲ្យឈានដល់កិច្ចព្រមព្រៀងស្មើភាពគ្នាមួយ ឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន»។
កំណត់សម្គាល់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រទេសទាំងពីរបានធ្វើកិច្ចចរចាជាច្រើនលើកច្រើនសាស្តីពី SMA លើកទី ១១ ប៉ុន្តែភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងរួមគ្នាណាមួយទេ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យទីក្រុងសេអ៊ូលបង្កើនការចូលរួមវិភាគទានរបស់ខ្លួន។
ប្រការនេះ ធ្វើឲ្យអាមេរិកសម្រេចព្យួរការងារបុគ្គលិកកូរ៉េខាងត្បូងជាបណ្តោះអាសន្នកាលពីខែមេសា។ ប៉ុន្តែឥឡូវកូរ៉េខាងត្បូងបានសុខចិត្តផ្តល់ថវិកា២០០លានដុល្លារសម្រាប់ថ្លៃពលកម្មពួកគេ ខាងយោធាអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង រំពឹងថាបុគ្គលិកកូរ៉េទាំងនោះនឹងអាចត្រឡប់ចូលមកបម្រើការងារដូចដើមវិញ មិនយូរជាងពាក់កណ្តាលខែមិថុនានេះឡើយ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១មកម្ល៉េះ កូរ៉េខាងត្បូងបានជួយចែករំលែកការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសខ្លួន ដោយរាប់បញ្ចូលទាំងថ្លៃឈ្នួលសម្រាប់ជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឲ្យយោធាអាមេរិកផងដែរ។ បច្ចុប្បន្ន កងទ័ពរអាមេរិកដែលកំពុងតែឈរជើងនៅកូរ៉េខាងត្បូង មានប្រហែលជា ២៨,៥០០ នាក់៕