(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃពុធនេះ បានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨,៥៣៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដែលនាំឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់ ៤៣២,២៧៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្ស៉ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១៧៨នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសរុស្ស៉ីកើនដល់ ៥,២១៥នាក់។ ដោយឡែកសម្រាប់របាយការណ៍ស្តីអំពី ករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្ស៉ីបានគូសបញ្ជាក់ថា មានចំនួនសរុប ១៩៥,៩៥៧ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៨,៩៧២នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
ក្នុងចំណោមករណីថ្មីទាំងនោះ ១,៨៤២ករណីត្រូវបានរកឃើញនៅរដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្ស៉ី ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ ១៨៧,២១៦ ករណី។
គួរជម្រាបថា បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្សចំនួន៣០៣,៦៤១នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៉ី តាមរយៈមន្ទីរពិសោធន៍ មានរហូតដល់ ១១.៤លាននាក់៕