(ឈីលី)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័របានកើតឡើងនៅភាគខាងជើងប្រទេសឈីលី ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍ណាបញ្ជាក់ថា វាបានបង្កឲ្យមានការខូចខាត និងមនុស្សរងគ្រោះថ្នាក់ដែរឬអត់ទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
ចំណុចរំញ័រនៃគ្រោះរញ្ជួយផែនដីនោះ ស្ថិតនៅក្បែរក្រុងមួយឈ្មោះថា សានផេដ្រូ ដឺអាតាខាម៉ា (San Pedro de Atacama) នៅឯប៉ែកខាងជើងរបស់ប្រទេសឈីលី។ គ្រោះធម្មជាតិកខាងលើនេះបានកើតឡើងនៅក្រោមផ្ទៃដី ជាមួយជម្រៅដែលត្រូវបានរាយការណ៍ខុសៗគ្នាគឺចន្លោះ ៨០-១៤០គីឡូម៉ែត្រ។ កាលពីឆ្នាំមុនមានគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារក្បែររដ្ឋធានីសាន់ទីអាហ្គោរបស់ឈីលី ដែលបណ្តាលឲ្យផ្លូវថ្នល់ និងអគារមួយចំនួននៅក្នុងទីក្រុងនោះរងការខូចខាត ។
គួរជម្រាបថា ទីតាំងភូមិសាស្រ្តរបស់ឈីលី គឺស្ថិតនៅផ្នែកចុងភាគខាងកើតនៃខ្សែក្រវាត់ភ្នំភ្លើងរបស់មហាសមុទ្រប៉ាស៊ីហ្វិក គេតែងហៅថា The Pacific Ring of Fire ជាតំបន់មានសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងកើតឡើងញឹកញាប់ ជាងកន្លែងដទៃៗទៀតលើភពផែនដី៕