(វ៉ាស៊ីនតោន)៖ បាតុកម្មតវ៉ាលាយឡំជាមួយអំពើហិង្សា បាននិងកំពុងកើតឡើងនៅតាមទីក្រុងជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅ George Floyd ត្រូវបាន ប៉ូលិសស្បែកសម្នាក់ នៅក្នុងទីក្រុង Minneapolis សង្កត់ករយៈពេល៨នាទី និង៤៦វិនាទី រហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។ ប៉ុន្តែ នេះមិនមែនជាលើកទីមួយឡើយ ដែលពលរដ្ឋអាមេរិកកាំងស្បែកខ្មៅមិនមានអាវុធនៅក្នុងដៃ ស្លាប់នៅក្រោមកណ្ដាប់ដៃរបស់ប៉ូលិសស្បែកស ហើយបាតុកម្មតវ៉ា នាពេលកន្លងមកទៀតសោត ក៏មិនទាន់អាចព្យាបាលជំងឺរើសអើងពូជសាសន៍នេះបានដែរ ខណៈប៉ូលិសអាមេរិកត្រូវបានការពារយ៉ាងមាំទាំដោយច្បាប់សព្វថ្ងៃ។
បើតាមស្ថិតិជំរឿនកាលពីឆ្នាំ២០១៦ ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ប្រជាជនស្បែកខ្មៅច្រើនជាង ៤០លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឬស្មើនឹង១៣.៤ភាគរយនៃប្រជាជនអាមេរិកសរុប។ ខាងក្រោមនេះគឺជាទិន្នន័យមួយចំនួនដែលបង្ហាញ ពីការរស់នៅរបស់ពលរដ្ឋអាមេរិកកាំងស្បែកខ្មៅ នៅក្រោមច្បាប់នៃមហាអំណាចអាមេរិក៖
* មានភាគរយខ្ពស់ ត្រូវបានប៉ូលិសបាញ់សម្លាប់
បើតាមការិយាល័យជំរឿនអាមេរិក និងក្រុមហ៊ុនស្រាវជ្រាវ Statista ពលរដ្ឋអាមេរិកស្បែកខ្មៅ មានភាគរយខ្ពស់ជាងគេត្រូវបានប៉ូលិសបាញ់សម្លាប់ បើធៀបទៅនឹងពលរដ្ឋអាមេរិក ស្បែកស និងពលរដ្ឋមានកំណើតមកពីតំបន់អាមេរិក។ កាលពីឆ្នាំ២០១៩ នៅក្នុងចំណោមមនុស្សជាង ១,០០០នាក់ ដែលត្រូវបានប៉ូលិសបាញ់សម្លាប់ មាន២៣.៤ភាគរយគឺជាពលរដ្ឋអាមេរិកស្បែកខ្មៅ ដែលតំណាងឱ្យ១៣.៤ភាគរយ នៃប្រជាជនអាមេរិកសរុប។
* ត្រូវបានឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ក្នុងអត្រាខ្ពស់
របាយការណ៍របស់ប៉ូលិសសហព័ន្ធ FBI និងការិយាល័យជំរឿនអាមេរិក កាលពីឆ្នាំ២០១៨ បានឱ្យដឹងថា ពលរដ្ឋស្បែកខ្មៅ៧៥០នាក់ ក្នុងចំណោម១០០,០០០នាក់ ត្រូវបានឃាត់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន បើធៀបទៅនឹងពលរដ្ឋអាមេរិកស្បែកស ៣៥០នាក់ ក្នុងចំណោម១០០,០០០នាក់។ ដោយឡែក របាយការណ៍ស្ទង់មតិថ្នាក់ជាតិ ក៏បានបង្ហាញដែរថា ទោះបីជាពលរដ្ឋស្បែកស ប្រើប្រាស់គ្រឿងញៀនក្នុងអត្រាដូចគ្នាក៏ដោយ ក៏ពលរដ្ឋស្បែកខ្មៅនៅតែត្រូវបានចាប់ខ្លួនក្នុងអត្រាខ្ពស់ជាងដដែល។ ជាឧទាហរណ៍ជាក់ស្ដែង បើតាមការ សិក្សារបស់អង្គការ American Civil Liberties Union ពលរដ្ឋអាមេរិកស្បែកខ្មៅ ត្រូវបានចាប់ខ្លូនក្នុងអត្រា ៣.៧ដង ច្រើនជាងពលរដ្ឋអាមេរិកស្បែកស សម្រាប់ការកាន់កាប់ ឬប្រើប្រាស់កញ្ឆាក្នុងកម្រិតដូចគ្នា។
* ជាប់ពន្ធនាគារច្រើនជាងគេ
បើតាមរបាយការណ៍ចុងក្រោយនៃការិយាល័យជំរឿនអាមេរិក ពលរដ្ឋ ឬប្រជាជនអាមេរិកស្បែកខ្មៅ ជាប់ពន្ធនាគារមានច្រើនជាង៥ដង បើធៀបទៅនឹងពលរដ្ឋអាមេរិកស្បែកស និងច្រើនជាង ២ដង ធៀបទៅនឹងពលរដ្ឋអាមេរិកមានដើមកំណើតមកពីតំបន់អាមេរិក។ ក្នុងឆ្នាំ២០១៨ ពលរដ្ឋអាមេរិកស្បែកខ្មៅ មានចំនួនប្រមាណ ១៣ភាគរយ នៃប្រជាជន អាមេរិកសរុប ប៉ុន្តែពួកគេតំណាងឱ្យមួយភាគបី នៃប្រជាជនអាមេរិកជាប់ពន្ធនាគារ ខណៈពលរដ្ឋស្បែកស មាន៦០ភាគរយនៃប្រជាជនសរុប តំណាងឱ្យតែប្រមាណ៣០ភាគរយ ប៉ុណ្ណោះនៃប្រជាជនជាប់ក្នុងពន្ធនាគារ។ ក្នុងន័យនេះអាចនិយាយម្យ៉ាងទៀតបានថា អ្នកទោសជាពលរដ្ឋអាមេរិកស្បែកខ្មៅ មានច្រើនជាង១,០០០នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក ស្បែកខ្មៅ ១០០,០០០នាក់ ធៀបទៅនឹងពលរដ្ឋអាមេរិកស្បែកស ២០០នាក់ ក្នុងចំណោម ១០០,០០០នាក់៕