(ឡូសអាន់ជែឡែស)៖ អភិបាលក្រុងឡូសអាន់ជែឡែស (Los Angeles ឬ L.A.) លោក អេរិក ហ្គាសេទី (Eric Garcetti) បានលុតជង្គង់ជាមួយក្រុមបាតុករ ដើម្បីបង្ហាញសាមគ្គីភាពជាមួយពួកគេក្នុងបាតុកម្មមួយ ដែលបានធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ក្រោមក្បាលជង្គង់ប៉ូលីសទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា កាលពីដើមសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
នៅចំពោះមុខក្រុមបាតុករ អភិបាលក្រុងរូបនេះ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកមួយយ៉ាងដូច្នេះថា «មុខខ្មៅមិនគួរត្រូវបានកាត់ទោសប្រហារជីវិត, មិនគួរជាមនុស្សគ្មានផ្ទះសម្បែង, មិនគួរជាមនុស្សគ្មានការងារធ្វើ ហើយក៏មិនគួរជាមនុស្សមានការអប់រំទាបនោះដែរ»។ ជាមួយគ្នានោះលោក Eric Garcetti ក៏បានសង្កត់ធ្ងន់ផងដែរថា «យើងត្រូវការប្រទេសជាតិមួយ ដែលចេះដឹងសុខទុក្ខគ្នា»។
បាតុកម្មប្រឆាំងតវ៉ាទាមទារកយុត្តិធម៌ជូនដល់ជនរងគ្រោះ បានប្រព្រឹត្តទៅ ០៧ថ្ងៃជាប់ៗគ្នាមកហើយ នៅទីក្រុងឡូសអាន់ជែឡែស នៃរដ្ឋកាលីហ្វ័រញ៉ា។ បាតុកររាប់ពាន់នាក់បានបន្តធ្វើបាតុកម្ម តាមដងវិថីហូលីវូតក្នុងទ្រង់ទ្រាយធំ បើទោះបីជាបំរាមគោចរនៅទូទាំងរដ្ឋ ត្រូវបានចូលជាធរមានហើយក៏ដោយ។
ទន្ទឹមគ្នានោះ ទោះបីជាមន្ត្រីប៉ូលីសបានប៉ះទង្គិច ជាមួយក្រុមបាតុករជាញឹកញាប់ បន្ទាប់ពីការធ្វើបាតុកម្មបានក្លាយជាអំពើហិង្សានៅទូទាំងសហរដ្ឋអាមេរិកក្តី ក៏មន្រ្តីប៉ូលីសមួយចំនួនត្រូវបានគេសង្កេតឃើញថា បានលុតជង្គង់រួមជាមួយក្រុមអ្នកតវ៉ា ដើម្បីគោរពដល់ការចងចាំរបស់លោក Floyd៕