(ប៉េកាំង)៖ ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងការផ្ដាច់ទំនាក់ទំនង ជាមួយអង្គសុខភាពពិភពលោក (WHO) ដែលត្រូវបានគេមើលឃើញជាកាយវិកា គ្មានទំនួលខុសត្រូវ និងអសីលធម៌រួចទៅហើយនោះ ជាថ្មីម្ដងទៀតបានធ្វើឱ្យពិភពលោក មើលឃើញកាន់តែច្បាស់ទៀតថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ យកការទម្លាក់កំហុសលើអ្នកដទៃជាពិសេស ចិន និង WHO ដើម្បីបិទបាំងកំហុសខ្លួនឯង ក្នុងការដោះស្រាយវិបត្តិ COVID-19 និងជំងឺរើសអើងពូជសាសន៍នៅក្នុងប្រទេស។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ទោសជាច្រើនលើកថា ចិនគឺជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់ជីវិតមនុស្ស និងសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដោយសារការឆ្លងរាតត្បាត COVID-19 ហើយថែមទាំងចោទប្រកាន់អង្គការ WHO ថាជាអាយ៉ងរបស់ចិនផងដែរ។ ប៉ុន្តែលោក ត្រាំ មិនដែលបង្ហាញភស្តុតាង ដើម្បីការពារការអះអាងរបស់ខ្លួននោះទេ ខណៈការផ្ដាច់ទំនាក់ទំនងជាមួយ អង្គសុខភាពពិភពលោក (WHO) ធ្វើឱ្យសហរដ្ឋអាមេរិករងការរិះគន់ និងខឹងសម្បារយ៉ាងខ្លំាងពីសហគមន៍អន្តរជាតិ។
ជាក់ស្ដែងនៅក្នុងអត្ថបទចេញផ្សាយនៅលើ គេហទំព័រអន្តរជាតិ Foreign Policy អ្នកសារព័ត៌មានអាមេរិកផ្នែកវិទ្យាសាស្ត្រម្នាក់ លោកស្រី ឡូរី ហ្គារ៉េត (Laurie Garrett) ក៏បានបង្ហាញការយល់ដឹងផងដែរថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺជារឿងខុសច្បាប់។ លោកស្រី Laurie បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្ត ផ្ដាច់ទំនាក់ទំនងជាមួយ WHO គឺជាទង្វើអសីលធម៌ និងខុសច្បាប់ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង COVID-19 ក៏ដូចជាបង្កវិបាកធ្ងន់ធ្ងរដល់បណ្ដាប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍ ដែលត្រូវការជំនួយជាចំាបាច់ពី WHO តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ក្រៅពីអ្នកជំនាញ និងសហគមន៍អន្តរជាតិ អ្នកនយោបាយអាមេរិកដូចជា លោក អាមី ប៊ែរ៉ា (Ami Bera) ជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ក៏បានចាត់ទុកផងដែរថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គឺជារឿងគួរឱ្យម៉ាស់ និងគ្មានទំនួលខុសត្រូវព្រោះការចាកចេញី WHO នឹងធ្វើឱ្យសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលកាន់តែលែងមានសុវត្ថិភាព៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ (នៅថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០)