(រ៉ូម)៖ អាជ្ញាធរអុីតាលីបានសម្រេចចិត្ត បើកទ្វារឡើងវិញនៅថ្ងៃពុធនេះ ដើម្បីទទួលយកអ្នកទេសចរអឺរ៉ុប មកលេងកម្សាន្តប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះបានចាត់វិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ៣ខែកន្លងមកនេះ។ ជាមួយក្តីសង្ឈឹមថា នឹងអាចទាក់ទាញភ្ញៀងទេសចរយ៉ាងច្រើន មកតាមបណ្តាប្រទេសអឺរ៉ុប ខណៈរដូវក្តៅបានចាប់ផ្តើមហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
អុីតាលីជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានរងការវាយប្រហារខ្លាំងបំផុតដោយសារជំងឺរាតត្បាតសកល COVID-19 ដោយមានស្លាប់ដោយសារជំងឺនេះរហូតដល់ជាង ៣៣,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ២៣៣,០០០ករណី។
វិធានការបិទទ្វារប្រទេសរបស់អុីតាលី បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចជាតិ ជាពិសេសទៅលើវិស័យទេសចរណ៍ ដែលតំណាងឲ្យផលិតផលក្នុងស្រុកសរុបប្រមាណ ១៣%។ កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជនីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល យកទៅប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺ COVID-19។
នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធំបំផុត បើរាប់ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលប្រទេសមួយនេះកំពុងប្រឈម វាបានធ្វើឲ្យការបើកដំណើរការឡើងវិញនូវវិស័យទេសចរណ៍ មានការចាំបាច់យ៉ាងខ្លាំង និងឆាប់រហ័សតាមទៅអាចធ្វើទៅបាន។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី (Lombardy) ភាគខាងជើងប្រទេសទេស៕