(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានចល័តកម្លាំងយោធាប្រហែល ១,៦០០នាក់ពីកងទ័ពជើងគោក ចូលទៅកាន់តំបន់រដ្ឋធានីនៃសហរដ្ឋអាមេរិក ក្រោយពីប៉ុន្មានយប់កន្លងមកនេះ អំពើហិង្សាបានកើនឡើងកំឡុងការធ្វើបាតុកម្ម នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចូណាថាន់ រ៉ាត ហូហ្វមែន (Jonathan Rath Hoffman) បានឲ្យដឹងយ៉ាងដូច្នេះថា «កងកម្លាំងយោធាត្រូវបានចល័តឲ្យទៅឈរជើង នៅតាមមូលដ្ឋានទ័ព ដែលស្ថិតក្នុងតំបន់រដ្ឋធានីរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅកណ្តាលវ៉ាស៊ីនតោនឌីស៊ីផ្ទាល់តែម្តងនោះទេ»។ លោក Hoffman បាននិយាយថា កងទ័ពប្រមាណ ១,៦០០នាក់នោះត្រូវបានដាក់ ឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ជាងធម្មតា ក៏ប៉ុន្តែមិនត្រូវបានឲ្យចូលរួមក្នុងការគាំទ្រ ដល់ប្រតិបត្តិការរបស់អាជ្ញាធរប៉ូលិសឡើយ។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីបង្រ្កាបបាតុកម្មហិង្សា ដែលកំពុងតែបន្តកើតឡើងនៅតាមទីក្រុង ក៏ដូចជារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ចាប់តាំងតែពីការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) កាលពីដើមសប្តាហ៍មុន៕