(វ៉ាស៊ីនតោន)៖ ថ្នាក់ដឹកនាំសាសនាគ្រឹស្តជាច្រើនរូប នៅក្នុងសហរដ្ឋអាមេរិក បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះលោកប្រធានាធិបតីដូណាល់ ត្រាំ ដែលបានថតរូប និងបង្ហោះរូបភាពកាន់គម្ពី បែប៊ល (Bible) នៅខាងមុខវិហារគ្រិស្ដ ចន អេភីស្កូផាល់ (St John's Episcopal Church) បន្ទាប់ពីកងកម្លាំងប៉ូលិសប្រើប្រាស់កម្លាំងបាយ បំបែកហ្វូងបាតុករនៅក្បែរវិហារនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមបាតុករជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី នៅក្បែរវិហារ St John's Episcopal Church ដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសម្នាក់ក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។ ទន្ទឹមគ្នានោះដែរ ដើម្បីបើកផ្លូវឱ្យលោក ដូណាល់ ត្រាំ ធ្វើដំណើរពីសេតវិមាន ទៅកាន់វិហារគ្រិស្ដ Episcopal ដើម្បីថតរូបកាន់គម្ពី Bible ប៉ូលិស និងកងកម្លាំងរក្សាសណ្ដាប់ធ្នាប់ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកម្លាំងបាយបំបែកហ្វូងបាតុករ ដែលកំពុងតវ៉ានៅបរិវេណក្បែរវិហារ។ ប្រការនេះបានធ្វើឱ្យមានរិះគន់ឥតសម្ចៃមាត់ លើលោកប្រធានាធិបតីអាមេរិក ពីសំណាក់ថ្នាក់ដឹកនាំសាសនាគ្រិស្តជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុរដ្ឋ NPR នៅថ្ងៃអង្គារសប្ដាហ៍នេះ ថ្នាក់ដឹកនាំវិហារ St John's Episcopal Church លោកស្រី ម៉ារីយ៉ាន បាត់ (Mariann Budde) បានអះអាងថា លោក ត្រាំ ថតរូបកាន់គម្ពី Bible ដោយគ្មានការអនុញ្ញាត និងជាកាយវិកាមិនសមរម្យទាល់តែសោះ។ លោកស្រី Budde បានបញ្ជាក់ដូច្នេះថា «វាគឺជារឿងដ៏សាកសៅ និងមិនអាចទទួលយកបាន ដែលគម្ពីដ៏ពិសិដ្ឋរបស់យើង ត្រូវបានប្រើប្រាស់មិនត្រឹមត្រូវក្នុងចេតនានយោបាយ... វាហាក់ដូចជាគាត់ (លោក ត្រាំ) ចង់ប្រើប្រាស់គម្ពីកាន់នៅក្នុងដៃជាភស្ដុតាងបង្ហាញពីតំណែង និងអំណាចរបស់គាត់»។
គួរជម្រាបថា បាតុកម្មតវ៉ាដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd បានផ្ទុះឡើងពាសពេញសហរដ្ឋអាមេរិក ដោយមានការតវ៉ាខ្លះធ្វើឡើងដោយសន្តិវិធី ហើយខ្លះទៀតបានប្រែក្លាយជាកុបកម្មដ៏ហិង្សា លាយឡំជាមួយជនឆ្លៀតឱកាសប្លន់ ឬលួចទំនិញនៅក្នុងហាងជាច្រើន និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដ៏អនាធិបតេយ្យថែមទៀតផង។ ប្រឈមមុខនឹងស្ថានភាពយ៉ាប់យឺនបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានព្រមានទុកជាមុនថា លោកនឹងដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីបញ្ចប់ភាពចលាចល នៅក្នុងករណីដែលអំពើហិង្សានៅតែបន្តកើតឡើង៕