(ឡុងដ៍)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ថម ខូតថុន (Tom Cotton) បានថ្លែងប្រាប់សភាអង់គ្លេសថា ប្រទេសចិនកំពុងប្រើប្រាស់ក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei ដើម្បីជំរុញឲ្យមានជម្លោះរវាងអង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាប្រទេសសម្ព័នមិត្តមិនអាចខ្វះបាន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។
លោក Tom Cotton បានថ្លែងប្រាប់គណៈកម្មាធិការការពារជាតិនៃសភាអង់គ្លេស នៅថ្ងៃអង្គារសប្តាហ៍នេះយ៉ាងដូច្នេះថា «ក្តីសង្ឈឹមរបស់ខ្ញុំ គឺចង់ឲ្យទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរនឹងនៅតែរឹងមាំ បើទោះបីជាខ្ញុំបារម្ភខ្លាចថា ប្រទេសចិនកំពុងព្យាយាមប្រើប្រាស់ ក្រុមហ៊ុនទូរគមនាគមន៍ Huawei មកបំបែកបំបាក់យើងក៏ដោយ»។
លោក Cotton គឺជាសមាជិកព្រឹទ្ធសភាម្នាក់ ក្នុងចំណោមសមាជិកជាច្រើនរូបទៀត ដែលបានព្យាយាមដាក់សម្ពាធលើប្រទេសអង់គ្លេស ឲ្យបោះបង់ចោលនូវការសម្រេចចិត្តដែលខ្លួន បានធ្វើឡើងកាលពីខែមករា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងការទទួលយកក្រុមហ៊ុន Huawei របស់ចិន ឲ្យចូលរួមកសាងបណ្តាញទូរគមនាគមន៍ជំនាន់ថ្មីនេះ នៅក្នុងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភ ជុំវិញសុវត្ថិភាពរបស់ក្រុមហ៊ុន Huawei មកលើសន្តិសុខជាតិរបស់ខ្លួនដោយបានចោទប្រកាន់ជារឿយៗថា ប្រទេសចិនទំនងអាចប្រើប្រាស់ ក្រុមហ៊ុនទូរគមនាគមន៍យក្សមួយនេះ ដើម្បីលួចយកការណ៍សម្ងាត់របស់លោកខាងលិច។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានព្រមានថា ប្រទេសសម្ព័នមិត្តរបស់ខ្លួនមួយណា ដែលប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍របស់ចិនមួយនេះ នឹងត្រូវកាត់ផ្តាច់ពីការចែករំលែកព័ត៌មានសម្ងាត់រវាងគ្នាទៀតផង៕